ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកដីគេចពីម៉ូតូជ្រុលទៅបុកនិងរថយន្តពីរគ្រឿងដែលធ្វើដំណើរនៅខាងមុខបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តឡិចស៊ីស RX330ពណ៌សពាក់ស្លាកលេខភ្នំពេញ2BA 4347និងរថយន្តមួយគ្រឿងទៀតម៉ាកCAMER LEពណ៌ទឹកប្រាក់ពាក់ស្លាកលេខត្បូងឃ្មុំ2B 9288បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A 7765បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាមកពីក្រោយបានរេចង្កូតគេចពីម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុកនឹងរថយន្តCAMER LEរួចរុញបន្តទៅបុកនឹងរថយន្ត lexus rx330បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្ករយល់ព្រមសងថ្លៃការខូចខាតទៅរថយន្តCAMER LEទាំងអស់ដើម្បីបញ្ចប់រឿង ចំណែកឯរថយន្ត lexus rx330មិនបានទាមទារសំណងអ្វីនោះទេដោយសារតែរថយន្តរងការខូចខាតបន្តិចបន្តួច រួចក៏បន្តដំណើរទៅមុខតែម្ដង។ ដោយនិនសុភ័ស្ត