Breaking News សេចក្តីថ្លែងការណ៍របស់មេធាវីរាជរដ្ឋាភិបាលបានអះអាងថា «កម្ពុជាគ្មានទេអ្នកទោសនយោបាយ ប៉ុន្តែមានអ្នកនយោបាយជាប់ទោស ដោយសារប្រព្រឹត្តិល្មើសច្បាប់»

ចែករំលែក៖

ភ្នំពេញ : កម្ពុជាគ្មានទេអ្នកទោសនយោបាយ ប៉ុន្តែមានអ្នកនយោបាយជាប់ទោស ដោយសារប្រព្រឹត្តល្មើសច្បាប់។ ជនដែលប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលទោស និងទណ្ឌកម្ម តាមការកំណត់នៃច្បាប់។ ការអនុវត្តទោសទណ្ឌ តាមសេចក្ដីសម្រេចរបស់តុលាការ ដែលបានឆ្លងកាត់ដំណើរការនីតិវិធីតាមផ្លូវច្បាប់ និងក្លាយជាសេចក្តីសម្រេច ស្ថាពររួចហើយនោះ ជានិយាមអនុវត្តទូទៅ និងជាប្រក្រតី នៅគ្រប់បណ្តាប្រទេសដែលប្រកាន់យកនីតិរដ្ឋ។ នេះជាសេចក្តីថ្លែងការណ៍របស់មេធាវីរាជរដ្ឋាភិបាល នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

មេធាវីរាជរដ្ឋាភិបាលបានបន្តថា, នៅពេលដែលបុគ្គលណាម្នាក់ ប្រព្រឹត្តអំពើដែលជាបទល្មើសព្រហ្មទណ្ឌ ច្បាប់ព្រហ្មទណ្ឌកម្ពុជាកំណត់ចែង នូវទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ជាអាទិ៍ ដែលជាលទ្ធផលនៃបណ្ដឹងអាជ្ញា និងទណ្ឌកម្មសំណងផ្នែក រដ្ឋប្បវេណ៏ៈ ដែលជាលទ្ធផលនៃបណ្តឹងរដ្ឋប្បវេណ៏ៈ ដើម្បីជួសជុលការខូចខាតរបស់ជនរងគ្រោះដែលបណ្តាលមកពី អំពើល្មើសនោះ។ ប្រសិនបើពិរុទ្ធជន មិនអនុវត្តសងសំណងជួសជុលការខូចខាតដល់ដើមបណ្តឹងដោយស្ម័គ្រចិត្តទេ ដើមបណ្តឹងមានសិទ្ធិសុំឱ្យតុលាការ រឹបអូសទ្រព្យសម្បត្តិរបស់ពិរុទ្ធជនយកទៅលក់ឡៃឡុង ដើម្បីយកប្រាក់មកសង សំណងទៅតាមការកំណត់នៃសាលក្រម ឬសាលដីកា ដែលបានចូលជាស្ថាពរ ឬដែលមានអានុភាពអនុវត្តដោយបង្ខំ បើទោះបីជាពិរុទ្ធជនបានគេចខ្លួន មិនទាន់អាចឱ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តទោសព្រហ្មទណ្ឌលើបុគ្គលនោះក្តី។

បុគ្គលឈ្មោះ សម-រង្ស៊ី និង ជូឡុង-សូមួរ៉ា បានប្រព្រឹត្តអំពើដែលច្បាប់ព្រហ្មទណ្ឌកម្ពុជាបញ្ញត្តិថាជាបទល្មើស។ នីតិវិធីរបស់តុលាការ បានប្រព្រឹត្តទៅតាមលំដាប់លំដោយ រហូតចប់សព្វគ្រប់តាមច្បាប់ជាធរមាន ហើយបុគ្គលនេះ ត្រូវបានតុលាការរកឃើញមានពិរុទ្ធភាពចំពោះការប្រព្រឹត្តអំពើល្មើសនឹងច្បាប់ព្រហ្មទណ្ឌ តាមរយៈសេចក្ដីសម្រេច របស់តុលាការ ដែលបានក្លាយជាស្ថាពរ បិទផ្លូវតវ៉ា និងមានអានុភាពអនុវត្ត ដែលជាលទ្ធផលបានកំណត់ផ្តន្ទាទោស ជនល្មើសនេះពីបទព្រហ្មទណ្ឌ និងកំណត់ផ្ដល់សំណងរដ្ឋប្បវេណី ជូនដើមបណ្តឹងជាជនរងគ្រោះ។

បច្ចុប្បន្នបុគ្គលបំពានច្បាប់ឈ្មោះ សម-រង្ស៊ី និង ជូឡុង-សូមូរ៉ា ត្រូវប្រឈមនឹងអំណាចសាលក្រម សាលដីកា ដែលចូលជាស្ថាពរជាបន្តបន្ទាប់ទៀត ព្រមទាំងបណ្ដឹងសុំអនុវត្តដោយបង្ខំជាបន្តបន្ទាប់ទៀតផងដែរ។

នីតិវិធីអនុវត្តតាមរយៈការចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ នូវអចលនវត្ថុដែលជាកម្មសិទ្ធិរបស់ ពិរុទ្ធជនឈ្មោះ សម-រង្ស៊ី និង ជូឡុង-សូមូរ៉ា ដែលជាទ្រព្យឯកជនរបស់ពិរុទ្ធជននេះ ជាការប្រតិបត្តិនូវច្បាប់ និងនីតិវិធី ជាធរមាន ទាំងស្រុង។ ថ្វីត្បិតតែអចលនវត្ថុនេះ ធ្លាប់ត្រូវបានប្រើប្រាស់ជាទីស្នាក់ការនៃអតីតគណបក្សនយោបាយ ប៉ុន្តែទ្រព្យនេះជាកម្មសិទ្ធិរបស់រូបវន្តបុគ្គលឈ្មោះ សម-រង្ស៊ី និង ជូឡុង-សូមូរ៉ា ដែលមានកាតព្វកិច្ចត្រូវសងសំណង រដ្ឋប្បវេណី តាមអំណាចនៃសេចក្តីសម្រេចស្ថាពររបស់តុលាការ ហើយមិនបានសងសំណងនោះដោយស្ម័គ្រចិត្ត។

នៅពេលដែលនីតិវិធីលក់ដោយបង្ខំត្រូវបានអនុវត្តចប់រួចរាល់លើអចលនវត្ថុនេះ អចលនវត្ថុនេះនឹងក្លាយជា កម្មសិទ្ធិរបស់អ្នកទិញ ដែលបានដេញថ្លៃទិញពីតុលាការ ហើយបុគ្គល សម-រង្ស៊ី និង ជូឡុង-សូមូរ៉ា ឬជនណាក៏ដោយ គ្មានសិទ្ធិទទួលបានអចលនវត្ថុនេះវិញឡើយ។

ការរឹបអូស និងដាក់លក់ទ្រព្យសម្បត្តិរបស់ពិរុទ្ធជន ឬកូនបំណុល តាមផ្លូវតុលាការ ជានីតិវិធីអនុវត្តជាប្រក្រតី លើគ្រប់បុគ្គលដែលមានកាតព្វកិច្ចសងសំណងរដ្ឋប្បវេណី មិនមែនអនុវត្តចំពោះតែ សម-រង្ស៊ី និង ជូឡុង-សូមូរ៉ា ទេ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print