ខេត្តស្វាយរៀង: បុរសជាបុគ្គលិកមណ្ឌលសុខភាពសំបួរ ស្រុករមាសហែកម្នាក់ត្រូវបានក្រុមគ្រួសារនិងអ្នកជិតខាងជួយចុះរាវរកក្នុងទឹកបន្ទាប់ពីគាត់ស្រវឹងស្រាហើយចុះទៅមើលដាយដាក់ត្រីក្នុងទឹកព្រែកនៅខាងជើងផ្ទះមានចម្ងាយប្រហែល៥០ម៉ែត្របណ្ដាលឱ្យលង់ទឹកស្លាប់។
ហេតុការណ៍ប្រទះឃើញសពនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១ស្ថិតនៅក្នុងភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ដាំ សាម៉ុន អាយុ៥៤ឆ្នាំ មុខរបរបម្រើការងារនៅមណ្ឌលសុខភាពសំបួរ រស់នៅភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមការបំភ្លឺរបស់ភរិយាសពបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល៨ព្រឹក ប្ដីគាត់ស្រវឹងស្រា ហើយបានទៅមើលដាយដែលដាក់យកត្រីនៅក្នុងព្រែកខាងជើងផ្ទះចម្ងាយ៥០ម៉ែត្រ។
ប្រភពបន្តថា ក្រោយមកមិនឃើញប្តីគាត់ត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យរូបគាត់ជាប្រពន្ធនិងកូនមានការសង្ស័យក៏បានទៅតាមរកនៅកន្លែងដាក់ដាយនោះ តែពុំឃើញមនុស្សទេ គឺឃើញតែស្បែកជើងនៅលើមាត់ព្រែក។
ពេលនោះគាត់ជាប្រពន្ធ និងកូនបានស្រែកហៅអ្នកជិតខាងឱ្យជួយចុះរាវរកក្នុងទឹកព្រែករហូតដល់វេលាម៉ោង១១និង១៥នាទីព្រឹកទើបរាវរក ឃើញបង្កការភ្ញាក់ផ្អើលតែម្ដង។
តាមការស្រាវជ្រាវនិងពិនិត្យសាកសពរបស់គ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រាកដមែន គឺមិនមានស្លាកស្នាមអ្វីសម្គាល់ថសជារឿងឃាតកម្មនោះទេ។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចនិងគ្រូពេទ្យព្រមទាំងអាជ្ញាធរមូលដ្ឋានបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយសុថាន