ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាបកំពុងសប្បាយចិត្តខ្លាំងណាស់ពេលដែលលោក យិន ថាវ និង ឈ្មោះ ក្រាញ់ បើកយុទ្ឋនាការដឹកឈើឡើងវិញ ខេត្តសៀមរាប ប្រភពព័ត៌មានពីខេត្តសៀមរាបបានរាយការណ៍មកថា លោក យិន ថាវ និងលោក ក្រាញ់ ជាឈ្មួញឈើមានឥទ្ធិពលដែលបានស្ងប់ស្ងាត់មួយរយៈមកនោះ ឥឡូវចាប់ផ្តើមរកស៊ីដឹកឈើនៅខេត្តសៀមរាបឡើងវិញហើយ។
ប្រភពដដែលបានបញ្ជាក់ថា ក្រុមឈ្មួញខាងលើបានចាប់ផ្តើមដឹកឈើចូលក្រុងសៀមរាបអស់រយៈពេលជិត5ខែហើយ តែមិនបានចេញមុខខ្លួនឯងនោះទេ ដោយឲ្យក្រុមកម្មករចេញមុខជំនួសក្នុងការដឹកឈើ និងចរចាជាមួយម្ចាស់រោងសិប្បកម្មកែច្នៃឈើនៅក្នុងក្រុងសៀមរាប ហើយក៏គ្មានសមត្ថកិច្ចជំនាញណាហ៊ានចេញមុខបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋក្រុងសៀមរាបបានរាយការណ៍មកថា ថ្មីៗនេះគេសង្កេតឃើញរ៉ឺម៉កដឹកឈើចល័តចេញ ពីកន្លែងស្តុកឈើរបស់លោកយិនថាវ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខាងត្បូងទំនប់អញ្ចាញ តាមដងផ្លូវលេខ៦០ម៉ែត្រ យកមកលក់ឲ្យដេប៉ូតារ៉េ ដែលស្ថិតនៅជាប់ផ្លូវ៦០ម៉ែត្រទល់មុខសារមន្ទីរក្រហម។ ទន្ទឹមនឹងនេះ ថៅកែដេប៉ូលក់ឈើដែលមានយីហោដេប៉ូតារ៉េ មានទីតាំងស្ថិតនៅផ្លូវ៦០ម៉ែត្រក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាបបានបង្ហើបប្រាប់អ្នកសារព័ត៌មានដែរថា លោកពិតជាបានទិញឈើពីលោក យិន ថាវ ពិតប្រាកដមែនហើយឈើដែលលោកបានទិញនោះជាប្រភេទឈើសុក្រំដែលមានមុខធំៗ។
លោក ក្រាញ់ និងលោក យិន ថាវ ជាមេឈ្មួញរកស៊ីដឹកឈើល្បីឈ្មោះបោះសំឡេងយូរឆ្នាំណាស់មកហើយនៅខេត្តសៀមរាប ឥឡូវកំពុងតែសម្រុកដឹកឈើអត់ច្បាប់យ៉ាងគគ្រឹកគគ្រេងឡើងវិញ ហើយទំនងជាមន្ត្រីមានអំណាចចេញមុខកាងពីក្រោយខ្នងទៀតផង ព្រោះគេមិនដែលឃើញសមត្ថកិច្ចជំនាញនៅក្រុងសៀមរាបបង្ក្រាបនោះទេ នេះជាការបញ្ជាក់របស់ប្រជាពលរដ្ឋក្រុងសៀមរាប។ ប្រភពដដែលបានបញ្ជាក់ថា បើគ្មានអ្នកមានអំណាចនៅកាងពីក្រោយ ឬមានការឃុបឃិតពីសមត្ថកិច្ចជំនាញ នោះឈ្មួញឈើក៏មិនអាចប្រព្រឹត្តបទល្មើសបានច្រើនឆ្នាំដែរ។
ប្រជាពលរដ្ឋក្រុងសៀមរាបបានបញ្ជាក់ថា នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងសៀមរាប លោក យឹម ស៊ីវន ក៏បានដឹងច្បាស់ពីសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើរបស់ឈ្មួញ យិន ថាវ និងក្រាញ់ផងដែរ តែលោក យឹម ស៊ីវន មិនដែលដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយមន្ត្រីសមត្ថកិច្ចជំនាញផ្សេងទៀតចុះបង្ក្រាបនោះទេ។ ប្រភពដដែលបានបញ្ជាក់ថា សមត្ថកិច្ចជំនាញមួយចំនួននៅខេត្តសៀមរាបក៏មានជាប់ពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើផងដែរ៕
ដោយ៖ សម្ព័ន្ធខេត្តសៀមរាប