ភ្នំពេញ៖ ទីបំផុតលោក ជាវ បូរ៉ាស្ដេចអុកចត្រង្គអង្គរសង្គ្រាន្ត២សម័យកាលត្រួវបានលោក ហេង សៅឌី អ្នកចំណូលថ្មីប្រើវិធីសាស្ត្រចាក់សោកូនអុក ស្តេចអុកវ័យក្មេងត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ដោយការប្រកួតទាំងមិនអស់ចិត្ត។ ព្រោះតែជាវ បូរ៉ាចាញ់ថិរវេលា ហេង សៅឌី ក្នុងដំណាក់កាលប្រកួតវគ្គ១៦នាក់ចុងក្រោយ បរាជ័យនេះធ្វើឲ្យបូរ៉ាមិនអាចចូលរួមក្នុងវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រនៅខេត្តសៀមរាបតទៅទេ។
នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ស្ដេងអុកឆ្នាំ២០១០ ឆយ វីរ៉ា ជួបបរាជ័យជាលើកទី៣ បន្ទាប់ពីលេងចាញ់ក្នុងជុំទី២ចំនួន២ឆ្នាំជាប់ៗគ្នា ។ លោក ឆយ វីរ៉ា ដែលធ្លាប់តែបង្ហាញនូវជំនឿចិត្តខ្ពស់ត្រូវចាញ់ក្រោមថ្វីដៃលោក ហូយ សុខណាត្រឹមវគ្គ១៦នាក់ចុងក្រោយ។
បន្ទាប់ពីជម្រុះវគ្គ១៦នាក់ចុងក្រោយនាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ សម្រាំងបានជើងខ្លាំង៨នាក់ ដូចជាលោក រៀម វាសនា ឈ្នះលោក ស៊ឹង រដ្ឋា ,លោក ហូយ សុខណាឈ្នះលោក ឆយ វីរ៉ា ,លោកនូ ច័ន្ទផានិត ឈ្នះ លោកគឹម នេត្រា ,លោកសៅ ម៉ិចសោភា ឈ្នះលោក វ៉ាន់ សុខា, លោក សេង សុធា ឈ្នះ នួន បុត្រ,លោក ហេង សៅឌី ឈ្នះឈាវ បូរ៉ា, លោករស់ប្ញទ្ធីយ៉ា ឈ្នះសេក សោភ័ណ្ឌ និង លោកម៉េង សេរីវឌ្ឍនា ឈ្នះ ធីម ឌីណា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកមានប្រសាសន៍ថា ការប្រកួតចាប់ពីជុំទី១ដល់វគ្ក១៦នាក់ចុងក្រោយ ទិសដៅសម្រាំងរកអ្នកខ្លាំង៨នាក់ និងយកទៅប្រកួតប្រជែងនៅមុខប្រាសាទអង្គរខេត្តសៀមរាបចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែមេសា ឆ្នាំ២០១៦ខាងមុខ។ អ្នកឈ្នះវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រត្រូវប្រកួតបន្តវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង អ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមតំណែងជាស្ដេចអុកចត្រង្គអង្គរសង្គ្រាន្តឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ឆ្នាំថ្មី។ អ្នកចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវប្រជែងគ្នាដណ្ដើមយកចំណាត់ថ្នាក់លេខ ៣។
លោកបានបន្តទៀតថា ចំពោះករណីលក់ការប្រកួតដើម្បីផលប្រយោជន៍ បើគណៈកម្មការដឹងគឺត្រូវកំណត់ឲ្យចាញ់ដោយស្វ័យប្រវត្តិ ។លោកពន្យល់ថា ការប្រកួតថ្នាក់ជាតិដែលនឹងមានការផ្សាយបន្តផ្ទាល់តាមកញ្ចកទូរទស្សន៍នៅវគ្គប្រកួតផ្ដាច់ព្រ័ត្រនោះ អ្នកខ្លាំង ៨នាក់ត្រូវប្រកួតឲ្យអស់ពីសមត្ថភាពនៅសៀមរាប៕
ដោយ៖ សារីម