ខេត្តតាកែវ : ដោយសារតែមានជំងឺស្រឺតប្រចាំកាយបានបណ្ដាលឱ្យបុរសម្នាក់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកលង់ស្លាប់ខណៈដែលគាត់កំពុងដើរទៅមើលស្រែចំពេលដែលជំងឺស្រឺតនេះរើឡើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នៅត្រង់ចំណុចប្រឡាយទឹកមួយកន្លែងក្បែរផ្ទះជនរងគ្រោះប្រមាណជា៥០០មស្ថិតក្នុងភូមិជ្រោយ ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះស ផា ភេទប្រុស អាយុ៤២ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅភូមិឃុំកេីតហេតុខាងលើ។
មូលហេតុគឺបណ្ដាលមកពីជនរងគ្រោះដើរទៅមើលទឹកនៅឯស្រែរបស់ខ្លួនហើយស្របពេលនោះជនរងគ្រោះក៏មានជំងឺស្រឺតប្រចាំកាយផងនោះក៏បណ្ដាលឱ្យគាត់ដួលធ្លាក់ចូលទៅក្នុងទឹកប្រឡាយលង់ស្លាប់តែម្តង។
ក្រោយពីសមត្ថកិច្ចចុះត្រួតពិនិត្យធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនិងទំនៀមទម្លាប់សាសនា៕
ដោយ ស សម