ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយលោកស្រី វ៉ាន់ លុយ អនុប្រធានកិត្តិយសអនុសាខា និងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មា
ធិការអនុសាខា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋជួបការលំបាក១០គ្រួសារ, ចាស់ជរា១០គ្រួសារ, ស្ត្រីមេម៉ាយ១០គ្រួសារ និងជនពិការ១០គ្រួសារ សរុបចំនួន៤០គ្រួសារ រស់នៅសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ។
នាឱកាសនោះ លោកស្រីអនុប្រធានកិត្តិយសអនុសាខា បានលេីកឡេីងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង ហេីយមិនបានដោះស្រាយនោះឡេីយ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។
ជាមួយគ្នានេះដែរ លោកស្រី ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វេសប្រហែសបន្តប្រុងប្រយត្ន័ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
ចំណែកអំណោយមនុស្សធម៌ដែលបានចែកជូន ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ១០គីឡូក្រាម, ទឹកសុទ្ធ១កេស ,មី១កេស ត្រីខ១យួរ ,ទឹកត្រី១យួរ ,ទឹកសុីអុីវ១យួរ ,ជែល១ដប និងថវិកាចំនួន២មុឺនរៀល៕
ដោយ៖សហការី