ក្លិបបិសាចក្រហម Manchester United ជិតនឹងតែងតាំងលោក Ralf Rangnick ជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល៦ខែបន្ទាប់ពីការចាកចេញរបស់លោក Ole Gunnar Solskjaer ។ នេះបើយោងតាមរបាយការណ៍ជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស។
របាយការណ៍បានបង្ហាញថា បុរសជនជាតិអាឡឺម៉ង់វ័យ៦៣ឆ្នាំដែលបច្ចុប្បន្នជាប្រធានផ្នែកកីឡា និងអភិវឌ្ឍន៍នៅក្លិបរុស្ស៊ី Lokomotiv Moscow នឹងត្រូវបានផ្តល់តួនាទីប្រឹក្សារយៈពេល២ឆ្នាំនៅពេលដែលក្លិប Man United រកឃើញអ្នកចាត់ការអចិន្ត្រៃយ៍។
ប្រភពមួយនៅក្លិប Man United បានប្រាប់សារព័ត៌មានរ៉យទ័រថា គ្មានអ្វីត្រូវបានបញ្ចប់ទេ ហើយការពិភាក្សាកំពុងបន្តដោយ ទាំងក្លិប និងលោក Rangnic គឺគោរព Lokomotiv ។
ទោះជាយ៉ាងណាក៏ដោយលោក Rangnick នឹងមិនមានវត្តមានសម្រាប់ការប្រកួត Premier League ទល់នឹង Chelsea នៅថ្ងៃអាទិត្យនេះទេ ដោយសារហេតុផលលិខិតអនុញ្ញាតការងារ ដោយលោក Michael Carrick នឹងបន្តធ្វើជាគ្រូបង្វឹកចាំផ្ទះ។
លោក Rangnick ធ្លាប់បានដឹកនាំក្រុម Hannover, Schalke, Hoffenheim និង RB Leipzig នៅ Bundesliga ។
គួររំលឹកថា លោក Solskjaer ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្លិប Man Utd កាលពីសប្តាហ៍មុនបន្ទាប់ពីការចាញ់ក្រុម Watford ក្រៅដីក្នុងលទ្ធផល 4-1 ដែលជាលទ្ធផលបានធ្វើឱ្យពួកគេឈរនៅលេខរៀងទី៨ក្នុងតារាងលីកជាមួយនឹង១៧ពិន្ទុពីការប្រកួតចំនួន១២នៅលីកកំពូលអង់គ្លេស ៕ ដោយ៖ភារៈ (រូបភាព ៖ Reuters)