ខេត្តបាត់ដំបង : ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្តេច និងលោកស្រី ផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាពចំនួន២៩៩គ្រួសារ។
ក្រុមការងារក្រឡាហោមមនុស្សធម៌ ដែលបាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកស្រី ផ្ដល់ជូនប្រជាពលរដ្ឋនោះ ដឹកនាំដោយលោក សក់ សេដ្ឋា ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបវេល លោក ខាន់ ម៉ាណេរ អនុប្រធានទី១ក្រុមការងារចុះជួយស្រុកបវេល និងលោល ចន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង។
អំណោយដែលក្រុមការងារបានផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាពនាឱកាសនោះ រួមមានអង្ករ មី ត្រីខ ទឹកស៊ីអុីវ ទឹកត្រី ទឹកសុទ្ធ ម៉ាស់ និងអាល់កុល ហើយប្រជាពលរដ្ឋដែលទទួលអំណោយនាឱកាសនោះ បានអញ្ជើញមកពីចំនួន៣ក្នុងស្រុកបវេល គឺឃុំល្វា ឃុំអំពិលប្រាំដើម និងឃុំបវេល។
ក្នុងឱកាសនោះដែរ លោក សក់ សេដ្ឋា បានជម្រាបជូនប្រជាពលរដ្ឋនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចក្រឡាហោម និងលោកស្រី ព្រមទាំងសេចក្ដីថ្លែងអំណរគុណជូនប្រជាពលរដ្ឋដែលបានផ្ដល់ការគាំទ្រមកលើរាជរដ្ឋាភិបាល ដើម្បីបន្តដឹកនាំប្រទេសជាតិប្រកបដោយសុខ សន្តិភាព និងការអភិវឌ្ឍ។
ក្នុងនាមសម្ដេចក្រឡាហោម លោកក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅតាមការិយាល័យក្នុងភូមិ ឃុំនិងសង្កាត់របស់ខ្លួន និងសូមបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពីការឆ្លងជំងឺកូវីដ-១៩៕
ដោយ : សិលា