ភ្នំពេញ៖ នៅទីបំផុតពាក្យថា «សម រង្ស៊ី កឹម សុខា ជា មនុស្សតែមួយ» ត្រូវបានលោក កឹម សុខា ចេញមុខមក បញ្ជាក់ថាលោកលែងជាប់ពាក់ព័ន្ធនឹងសម រង្ស៊ី ទៀត ហើយ និងអំពាវនាវឲ្យ សម រង្ស៊ី និងបក្ខពួកឈប់យក ឈ្មោះលោកទៅភ្ជាប់នឹង សម រង្ស៊ី ថែមទៀត។ នេះជាសារបញ្ចប់អោយ លោក សម រង្ស៊ី យក ឈ្មោះលោក ភ្ជាប់ជាមួយ សម រង្ស៊ី ទៀត។
លោក កឹម សុខា បានសរសេរលើហ្វេសបុកផេករបស់ លោកនៅថ្ងៃនេះថា លោក សម រង្ស៊ី និងបក្ខពួកបានយក ឈ្មោះលោក ទៅភ្ជាប់ជាមួយនឹងសកម្មភាពនយោបាយ នានារបស់ សម រង្ស៊ី ដោយពុំមានការអនុញ្ញាតពីលោក។
លោកបន្ថែមថា លោក សម រង្ស៊ី បានដើរចេញពីចំណង ទំនាក់ទំនងនិងស្មារតីដើមនៃការរួបរួមទៅបង្កើតចលនា នយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ថែមទាំងបាន គាំទ្រអតីតគណបក្សភ្លើងទៀនដែលជាបក្សចាស់របស់ ខ្លួនថែមទៀត ដោយថាជាទង្វើដែលសបញ្ជាក់ថា សម រង្ស៊ី កឹម សុខា មិនមែនជាមនុស្សតែមួយទេ ដោយសារតែសកម្មភាពទាំងអស់នេះមិនបានចេញពី គំនិតរបស់លោក កឹម សុខា ឡើយ។
លោកសរសេរថា៖ «អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវ ឲ្យលោក សម រង្ស៊ី និង ក្រុមខាងលើឈប់បំពានមកលើ រូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើ ឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួល ខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុម នោះឡើយ» ។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាល ពី ឆ្នាំ២០១២ គណបក្សសមរង្ស៊ីដែលដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលដឹកនាំដោយ លោក កឹម សុខា បានច្របាច់បញ្ជូលគ្នាបង្កើតជា គណបក្សសង្គ្រោះជាតិដើម្បីចូលរួមការបោះឆ្នោត ជ្រើសរើសសមាជិកសភាឆ្នាំ២០១៣។
ទោះជាយ៉ាងណាក្រោយពីលោក កឹម សុខា ត្រូវចាប់ខ្លួន ហើយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយ តុលាការកំពូល សម្ព័ន្ធភាពនៃគណបក្សបានបែកបាក់ជា ច្រើននិងបានបង្កើតជាគណបក្សជាបន្តបន្ទាប់ដើម្បីចូលរួម ក្នុងការបោះឆ្នោតខាងមុខ ខណៈគណបក្សដើមគឺ គណបក្សភ្លើងទៀន(អតីតបក្សសមរង្ស៊ី) បានបង្ហាញ ជំហរនយោបាយចូលរួមការបោះឆ្នោតវិញ៕