ភ្នំពេញ : សារលិខិតរំលែកមរណទុក្ខសូមក្រាបបង្គំទូលថ្វាយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រា បុត្រីគ្រប់ព្រះអង្គ
ព្រះអង្គម្ចាស់ក្សត្រីយ៍ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
ទូលព្រះបង្គំខ្ញុំម្ចាស់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច មានសេចក្តីរន្ធត់ក្នុងចិត្តជាទីបំផុតដោយបានទទួលដំណឹងថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គត នាថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ការចូលទិវង្គតរបស់ សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់នូវព្រះស្វាមី ព្រះបិតា ក៏ដូចជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់របស់ជាតិ ក្នុងព្រះរាជវង្សដ៏ឆ្នើមមួយព្រះអង្គ ដែលទ្រង់បានលះបង់អស់ព្រះកាយពល ព្រះបញ្ញាញាណ ស្មារតី និងបានលះបង់គ្រប់ បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវព្រះរាជមរណទុក្ខដោយក្តីសោក សង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយសុខ ក្នុងឋានសុគ៌តភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្ដេចព្រះអង្គម្ចាស់ក្សត្រីយ៍ និងព្រះរាជបុត្រគ្រប់ព្រះអង្គ ព្រះមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕