ភ្នំពេញ : នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ នៅទីស្តីការក្រសួង។
លោក ឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តចំពោះ លោក ង្វៀន ហ៊ុយតាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៅ កម្ពុជា។ លោក បានគូសបញ្ជាក់ថា ជាមួយបទពិសោធន៍នៅកម្ពុជាជាង១០ឆ្នាំ លោក ឯកអគ្គរដ្ឋទូត ពិតជាបានស្គាល់កម្ពុជាយ៉ាងច្បាស់ ហើយបទពិសោធន៍នេះ នឹងអាចរួមចំណែកដល់ ការបំពេញភារកិច្ចរបស់លោក នៅកម្ពុជា បានជោគជ័យ និងក៏ជាបច្ច័យជំរុញដល់ទំនាក់ទំនង ទ្វេភាគីកម្ពុជា និងវៀតណាមកាន់តែល្អប្រសើរឡើងមួយកម្រិតថែមទៀត។ លោក ឧបនាយករដ្ឋមន្តី ក៏បានបញ្ជាក់ផងដែរថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួង ត្រៀមផ្ដល់កិច្ចសហការ និងការគាំទ្រដល់បេសកកម្មការទូតរបស់ លោក នៅកម្ពុជា។
លោក ង្វៀន ហ៊ុយតាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ឧបនាយករដ្ឋមន្ត្រី ដែលឆ្លៀតឱកាសទទួលសាវនាការរបស់ លោក ហើយ លោក ពិតជាមាន ក្តីរីករាយជាទីបំផុតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅកម្ពុជា។ លោក ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណជាពិសេសផងដែរចំពោះ លោក ឧបនាយករដ្ឋមន្ត្រី ដែលក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើក វេទិកាជាន់ខ្ពស់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការអនុតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និង កំណើនប្រកបដោយបរិយាប័ន្ន រៀបចំដោយប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ។ លោក ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៅលើគ្រប់វិស័យយ៉ាង ឆាប់រហ័ស ក្រោមព្រះរាជតំរិះដឹកនាំរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសវឌ្ឍនភាព នៅ២ឆ្នាំចុងក្រោយ ដែលកម្ពុជាបានដាក់ចេញ និងអនុវត្តគោលនយោបាយ និងកម្មវិធីចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរបស់ខ្លួន និងជនបរទេសដែលរស់នៅនិងបំពេញការងារលើទឹកដីកម្ពុជា ប្រកបដោយជោគជ័យ បំផុត ដែលជាសញ្ញាមួយដ៏ល្អថា កម្ពុជាអាចបើកប្រទេសឡើងវិញនៅគ្រប់វិស័យ ជាពិសេស ទេសចរណ៍។
លោក ឯកអគ្គរដ្ឋទូត បានបង្ហាញនូវចំណាប់អារម្មណ៍ថា កម្ពុជា និងវៀតណាម មាន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយ លោក នឹងខិតខំធ្វើយ៉ាងណាឱ្យទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ នៅតែល្អប្រសើររហូត។
ដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា និងវៀតណាម នៅឆ្នាំ ២០២២ ខាងមុខនេះ ភាគីទាំងពីរបានឯកភាពលើសកម្មភាពរួមគ្នាមួយចំនួន រួមមាន ការរៀបចំ បង្ហាញវប្បធម៌រវាងប្រទេសទាំងពីរ និងការពង្រីកការផ្សព្វផ្សាយអប់រំ ដើម្បីឱ្យប្រជាជន ជាពិសេស យុវជនជំនាន់ក្រោយមានការយល់ដឹងឱ្យបានទូលំទូលាយអំពីប្រវត្តិសាស្ត្រនៃការជួយគ្នាទៅវិញទៅ មករវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ ឯកភាពសហការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងជាប្រពៃណីនិងកិច្ចសហ ប្រតិបត្តិការគ្រប់វិស័យ អោយកាន់តែមានប្រសិទ្ធភាព ស៊ីជម្រៅ និងមានវិសាលភាពកាន់តែទូលំ ទូលាយ តាមរយៈការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ អនុវត្តអោយបានខ្ជាប់ខ្ជួននូវសេចក្តីសម្រេចចិត្ត របស់ថ្នាក់ដឹកនាំទាំងពីរ និងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការដែលមាន ឈរលើស្មារតីមិត្តភាព សាមគ្គីភាព ភាពជាបងប្អូនដែលតែងជួយគ្នាទៅវិញទៅមក ការយោគយល់និងជឿទុកចិត្តគ្នា និង វិបុលភាពរួម។
ក្នុងនេះផងដែរ ភាគីទាំងពីរ ក៏បានឯកភាពគ្នាជំរុញទៅភាគីពាក់ព័ន្ធរៀងៗខ្លួនឱ្យឆាប់ បញ្ចប់ការងារការបោះបង្គោលព្រំដែនគោកដែលនៅសេសសល់ប្រមាណ១៦% ឱ្យបានឆាប់រហ័ស ផងដែរ។
លោក ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោក ឯកអគ្គរដ្ឋទូត ផងដែរអំពីអាទិភាព នានា របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ហើយ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន អះអាងជាថ្មីអំពីការគាំទ្ររបស់វៀតណាមចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាឱ្យទទួលបាន ជោគជ័យ។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់ អារម្មណ៍រួម និងផលប្រយោជន៍ទៅវិញទៅមកផងដែរ។
ជាទីបញ្ចប់ លោក ឧបនាយករដ្ឋមន្ត្រី បានជូនពរលោក ង្វៀន ហ៊ុយតាំង ឲ្យទទួល បាននូវភាពជោគជ័យក្នុងអាណត្តិបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា៕