ខេត្តពោធិ៍សាត់៖ កុមារាអាយុ៥ឆ្នាំម្នាក់បានដើរជិតម៉ាស៊ីនកិនស្រូវ ទាក់ដៃអាវឆ្មូលចូលកង់យោងម៉ាស៊ីនកិនស្រូវបោកបែកក្បាលនិងបាក់ដៃស្លាប់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចរោងម៉ាស៊ីនកិនស្រូវក្បែផ្ទះ ស្ថិតក្នុងភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពពត៌មានពីសមត្ថកិច្ចប្រាប់ថាកុមារារងគ្រោះឈ្មោះ សុង ហួត អាយុ៥ឆ្នាំ ឪពុកឈ្មោះ អ៊ឹង វុទ្ធី អាយុ ៣៦ឆ្នាំ និងម្ដាយឈ្មោះ តាំង ដាវី អាយុ ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ប្រភពបន្តថាតាមការរាបរបពីឪពុកម្ដាយប្រាប់ថាកូនគាត់បានដើរចូលមកក្បែរកង់យោងម៉ាស៊ីនកិនស្រូវ នៅគ្រាដែលពួកគាត់ជាប់រវល់ហើយភ្លេចភ្នែកមួយភ្លែត ស្រាប់តែកង់យោងទាក់ដៃអាវឆ្មូលបោកផ្ទប់បណ្ដាលឲ្យបែកក្បាលនិងបាក់ដៃខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ប៉ុន្ដែជាអកុសលដោយរបួសធ្ងន់ធ្ងរពេកក៍ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធម៏។ ប្រភពបន្តទៀតថាក្រោយសមត្ថកិច្ចទទួលបានពត៌មាននេះបានចុះទៅកន្លែងកើតហេតុ ហើយស្រាវជ្រាវប្រភពនានាជុំវិញកន្លែងកើតហេតុ ឃើញថាកុមារារងគ្រោះពិតជាស្លាប់ដោយសារដៃអាវទាក់ចូលកង់យោងម៉ាស៊ីនកិនស្រូវពិតប្រាកដមែន ក៍បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយ ប៉ឹមពិន