ភ្នំពេញ៖ ដើម្បីកសាងធនធានមនុស្សក្នុងវិស័យកីឡា តេក្វាន់ដូITF ឲ្យាមានការរីកចម្រើន និងបានត្រៀមខ្លួនស្វាគមន៍ភ្ញៀវមកពីតាមបណ្តាប្រទេសនានាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ លោក កែវ រ៉េមី ប្រធានកិត្តិយស សហព័ន្ធកីឡាតេក្វាន់ដូITF ស្ទីលកូរ៉េខាងជើង បានស្នើឲ្យមាតាបិតា ជួយជំរុញកូនចៅរបស់ឲ្យមកហ្វឹកហាត់បន្តកុំខានឲ្យសោះ។ ប្រសាសន៍អំពាវនាវរបស់លោក កែវ រ៉េមី គឺលោកបានថែ្លងកាលពីនារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ក្នុងកម្មវិធីប្រកួតដណ្តើមជើងឯកក្លិបកីឡាតេក្វាន់ដូ យុវជនក្នុងពហុកីឡដ្ឋានជាតិ។
លោក កែវ រ៉េមី ក៏បានលើកសរសើរ ដល់កីឡាករកីឡាកា រិនីថ្នាលដែលមិនបានទទួលជ័យលាភីនិងបានទទួលជ័យលាភី កុំបាក់ទឹកចិត្ត ត្រូវខិតខំបន្តទៀត ពីព្រោះក្មួយៗទាំងអស់គឺជាធនធានមនុស្ស ដែលសហព័ន្ធត្រូវការជាចាំបាច់ ដូច្នេះហើយឱពុកម្តាយមេត្តាជួយលើកទឹកចិត្តកូនចៅខ្លួនបន្តថែមទៀត។
ប្រធានកិត្តិយសរូបនេះបញ្ជាក់ថា ថ្ងៃនេះកូនៗក្មួយៗទាំងអស់មានអ្នកខ្លះបានជាប់លេខ និងខ្លះទៀតមិនបានជាប់លេខ ប៉ុន្តែកុំ បាក់ទឹកចិត្ត ត្រូវខំហ្វឹកហាត់បន្តទៀត ពីព្រោះនៅចុងខែឧសភាខាងមុខនេះ ក្លិបនឹងរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួត តេក្វាន់ដូITF Future ក្នុងកម្រិតអាយុក្រោម១៤ឆ្នាំចុះដោយមានការចូលរួមប្រកួតពីបណ្តាក្លិបដទៃទៀត។
ពាក់ព័ន្ធនឹងការប្រកួតខាងលើនេះដែរ លោក ប៉ាវ ជីវ័ន្ត អគ្គហេរញ្ញិក សហព័ន្ធកីឡាតេក្វាន់ដូITF បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា គោលបំណងរបស់ក្លិបរៀបចំឲ្យមានការប្រកួតជ្រើសរើសជើងឯកក្លិបតេក្វាន់ដូនាពេលនេះ ដើម្បីពង្រឹងសមត្ថភាពកីឡាករកីឡាការិនីនិងបណ្តុះយុវជនថ្នាលកីឡាតេក្វាន់ដូITF ។
លោកបានបន្តទៀតថា អ្វីដែលសំខាន់ យើងចង់ជ្រើសរើសកីឡាករកីឡាការិនីថ្មី ដែលជាថ្នាលសម្រាប់ថ្ងៃអនាគត ប្រកបដោយសក្តានុពល ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ប្រសិនបើយើងដាក់បញ្ចូលក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣បាននោះ។
គួររំលឹកថា ការប្រកួតកីឡាតេក្វាន់ដូITF ជ្រើសរើសជើងឯកប្រចាំក្លិបតេក្វាន់ដូITFយុវជន មានកីឡាករកីឡាការិនីចូលរួមសរុប ១៣៥នាក់ក្នុងនោះកីឡាករកីឡាការិនីថ្នាល មានប្រមាណ៣៥នាក់ ចែកជា៦វិញ្ញាសា ដូចជា វិញ្ញាសាប្រកួតកុមារាកុមារីអាយុក្រោម១១ឆ្នាំ វិញ្ញាសា ប្រកួតកុមារាកុមារីអាយុចាប់ពី១២ឆ្នាំឡើង និងប្រកួតវិញ្ញាសាមេគុន បុរស នារីជាដើម ៕
ដោយ៖ សារីម