អាមេរិក៖ ពិតជាធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើលក្រោយពីអតីតារាស្តែង និងជាអតីតកញ្ញាឯកទេសចរណ៍កម្ពុជាប្រចាំឆ្នាំ ២០០៣ បានបញ្ចេញសារ និងរូបថតអនុស្សាវរីយជាច្រើនសន្លឹកអមដោយសារមានន័យមួយចំនួន។ សារនឹងរូបថតនេះបានបញ្ចេញស្របពេលនឹងការចាប់អារម្មណ៍ទៅលើវិស័យកញ្ញាឯកនៅកម្ពុជា និងក្រោយពីនាងបានបាត់មុខពីសិល្បៈអស់ជាង១០ឆ្នាំមកហើយនោះ។
គេចាំបានថាតារាសម្តែងដ៏ល្បីឈ្មោះអ្នកនាង អ៊ិន សុខលីដា ដែលធ្លាប់ធ្វើឲ្យកក្រើកវិស័យសិល្បៈនៅក្នុងទសវត្សរ៍ឆ្នាំ២០០០ ។ ក្រោយការប្រកួតទទួលបានចំណាត់ថ្នាក់ក្នុងស្រុកនាងត្រូវបានគេជ្រើសរើសឲ្យទៅប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិគឺកម្មវិធី Miss Tourism International នាប្រទេសម៉ាឡេស៊ី ដោយពេលនោះ អ៊ិន សុខលីដា ទទួលបានចំណាត់ថ្នាក់លេខ ៥ ក្នុងឆ្នាំ២០០៣ ។ បន្ទាប់មកទៀតនាងត្រូវបានគេជ្រើសរើសឲ្យមកថតខ្សែភាពយន្តក្នុងស្រុកមួយគឺរឿង “ខ្មោចប្រពន្ធអាទុយ” ក៏ដូចជាបានសម្តែងភាពយន្តផ្សេងៗទៀត និងខារ៉ាអូខេក្នុងផលិតកម្មធំៗជាច្រើន។ ពេលនេះស្រាប់តែនាងបានចេញមុខរំលឹកអំពីប្រវត្តិនៃការចូលរួមប្រកួតក្នុងកម្មវិធីកញ្ញា ឯកនាគ្រានោះ។ នាងបានរំលឹកថា”កាលឆ្នាំ ២០០៣ ខ្ញុំទៅប្រឡងបរវកញ្ញាទេសរចណ៍អន្តជាតិនៅប្រទេសម៉ាឡេសុី ខ្ញុំជាប់ក្នុង ១០នាក់ចុងក្រោយ Top 10 ជាប្រវត្តិសាស្ត្ររបស់កម្ពុជាជាលើកទី1 កាលពីជាង 10ឆ្នាំមុន! អ្នកបង សាពណ៍ ជាអគ្គនាយការក្រុមហ៊ុនបង្ហាញម៉ូតដ៏ល្បីមួយ គាត់បានស្រែកយំនឹងស្រែកប្រាប់គេឯងនៅកន្លែងប្រឡងភ្លាមពេលគេប្រកាស់ Cambodia លេខ៥ ក្នុង១០នាក់! គ្រាន់តែប្រទេសខ្មែរយើងកាលនោះមិនមានការផ្សាយផ្ទាល់តាមទូរទស្សន៍នឹងអត់មាន Facebook អញ្ចឹងបានអត់សូវមានអ្នកគាំទ្រវិស័យបរវកញ្ញាទើបស្ងាត់ឈឹងហើយបងប្អូនមិនបានដឹង! នាងខ្ញុំសូមចូលរួមត្រែកអរដល់ Miss Grand Cambodia ដែលអាចធ្វើបានយ៉ាងល្អ”។ បន្ថែមពីលើការបញ្ជាក់នេះនាងបានបន្ថែមខ្លឹមសារថា”រូបថតទាំងនេះជាអនុស្សាវរីយ៍ដែលនាងខ្ញុំមិនអាចភ្លេចបាន! ព្រោះនាងខ្ញុំបានបង្ហាញនិងអួតប្រាប់បរទេសអំពីប្រទេសកម្ពុជាជាទឹកដីដែលមានអរិយធម៌នឹងវប្បវធម៌ទន់ភ្លន់ល្អឥតខ្ចោះទៅកាន់ពិភពលោកបានស្គាល់!ថ្ងៃនេះនាងខ្ញុំសែនសប្បាយចិត្តនឹងមានភាពកក់ក្តៅដែលមានបងប្អូនជាច្រើនបានជួយ Likeផេកជាផ្លូវការរបស់នាងខ្ញុំ! ហើយជាពិសេសបាន like នង comments ល្អៗផ្តល់នូវកំលាំងចិត្ត! ខ្ញុំលែងឯកោហើយព្រោះមានបងប្អូនជាច្រើននៅចាំនឹងស្រលាញ់គាំទ្រដល់រូបនាងខ្ញុំ។ចង់ប្រាប់ថាខ្ញុំស្រលាញ់នឹងគោរពដល់ទឹកចិត្តបងប្អូនខ្លាំងណាស់។ មានទស្សនិកជនជាច្រើនផ្ញើសារលើកទឹកចិត្ត និងក្តីនឹករលឹកទៅកាន់តារាស្រីរូបនេះជាហូរហែផងដែរ និងចង់ដឹងពីសុខទុកនាងក្រោយបាត់មុខជាច្រើនឆ្នាំ”។
គេចាំបានដែរថាបើទោះជានៅពេលដែលអតីតតារាសម្តែងស្រីខាងលើទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេងពីការសំដែងបែបនេះយ៉ាងណាក្ដី ស្រាប់តែក្នុងរយៈពេល១៥ឆ្នាំចុងក្រោយមកនេះបែរជាបាត់វត្តមានរបស់នាងឈឹងតែម្ដងពីពិភពសិល្បៈ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រហាក់មានការងឿងឆ្ងល់ ក៏ដូចជាមានការនឹករលឹកដល់នាងផងដែរ។ អ៊ិន សុខលីដា បានលាឈប់ពីវិស័យសិល្បៈតាំងពីឆ្នាំ២០០៦ម្ល៉េះ ក្រោយពីផ្ទុះកក្រើកករណីរឿងរ៉ាវស្នេហាចម្រូងចម្រាសមួយហើយនាងក៏បានចាកចេញពីប្រទេសកម្ពុជាដោយបានទៅរស់នៅក្នងសហរដ្ឋអាមេរិក នាឆ្នាំ២០១០ និងមកទល់នឹងពេលនេះ នាងមានស្វាមី និងកូនម្នាក់រួចទៅហើយ៕
ដោយ វឌ្ឍនា