រុស្ស៊ីកំពុងតែតាមដានសកម្មភាពរបស់អាមេរិក ក្រោយប្រកាសបញ្ជូនទាហានទៅអ៊ុយក្រែន

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១បានផ្សាយថា រុស្ស៊ីបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសកម្មភាពរបស់អាមេរិកដែលបានបញ្ជូនទាហានទៅកាន់ប្រទេសអ៊ុយក្រែន ។ ជាមួយគ្នានេះដែរ រុស្ស៉ីនៅតែបន្តប្រើវោហារសាស្រ្តធ្ងន់ៗ ដើម្បីរក្សាស្ថានការណ៍ឱ្យនៅតានតឹងដដែលជុំវិញបញ្ហាអ៊ុយក្រែន ខណៈដែលខ្លួនកំពុងរង់ចាំមើលសកម្មភាពបន្ទាប់ទៀតពីសហរដ្ឋអាមេរិក។ រុស្ស៉ីបានចោទអ៊ុយក្រែនថា កំពុងបង្កើនភាពតានតឹងជាមួយក្រុមឧទ្ទាមគាំទ្ររុស្ស៉ីនៅតំបន់ ដុនបាស់ (Donbass) ដែលជាតំបន់ជម្លោះនៅភាគខាងកើត ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីស្រង់សម្តីថា ស្ថានការណ៍នៅ Donbass បច្ចុប្បន្នកំពុងតែស្រដៀងគ្នាទៅនឹង ការត្រៀមប្រព្រឹត្តអំពើប្រល័យពូជសាសន៍យ៉ាងដូច្នោះ។ ចំណែកបណ្តាញស៉ើបការណ៍សម្ងាត់រុស្ស៉ី បានអះអាងថា អ៊ុយក្រែនក៏បានបញ្ជូននាវាយោធាមួយគ្រឿង សំដៅទៅកាន់ច្រកសមុទ្រ ឃើច (Kerch) ដែលនៅចន្លោះប្រទេសរុស្ស៉ី និងឧបទ្វីបគ្រីមៀផងដែរ ហើយមិនបានឆ្លើយតបសំណើរបស់រុស្ស៉ីឲ្យផ្លាស់ប្តូរទិសដៅធ្វើដំណើរនោះឡើយ។ ខាងក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា នាវាយោធានោះ គឺជានាវាស្វែងរកនិងជួយសង្រ្គោះ ដែលមិនមានបំពាក់សព្វាវុធអ្វីទេ។ រីឯអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាប់កូវ (Sergei Ryabkov) ថែមទាំងបានលើកឡើងថា ភាពតានតឹងនាពេលនេះ រវាងក្រុមប្រទេសលោកខាងលិច ជាមួយប្រទេសរុស្ស៉ី ជុំវិញបញ្ហាអ៊ុយក្រែន អាចប្រែក្លាយទៅជាវិបត្តិ ដូចទៅនឹងវិបត្តិមីស៉ីលគុយបាកាលពីឆ្នាំ១៩៦២ ជាថ្មីម្តងទៀត ដែលកាលណោះសហរដ្ឋអាមេរិក និងរុស្ស៉ីស្ទើរតែផ្ទុះសង្រ្គាមនុយក្លេអ៊ែរជាមួយគ្នាទៅហើយ៕ ដោយសាធី
រូបថត៖kienthuc.net.vn.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print