ក្រោយមានករណីមនុស្សស្លាប់ ១១នាក់នៅភាគកណ្តាលប្រទេស មីយ៉ាន់ម៉ា UN និងអាមេរិកថ្កោលទោសយោធាមីយ៉ាន់ម៉ា

ចែករំលែក៖

អន្តរជាតិ​៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១​ បានឱ្យដឹងថា​ សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) បានប្រកាសថ្កោលទោសរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយពីមានសេចក្តីរាយការណ៍អំពីការសម្លាប់អ្នកភូមិចំនួន១១នាក់ ក្នុងនោះរួមមានទាំងកុមារ ក្នុងតំបន់អសន្តិសុខមួយនៅភាគកណ្តាលប្រទេស។ ក្រសួងការបរទេសអាមេរិក និងប្រមុខអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅអាមេរិក) បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា រួមនឹងសាក្សីមួយចំនួនបានអះអាងថា ក្រុមទាហានបានចាប់ខ្លួនមនុស្សចំនួន១១នាក់ពីភូមិ ដុនថ (Dontaw) ក្នុងតំបន់ សាហ្គេង (Sagaing) ហើយសម្លាប់ពួកគេ ខណៈមួយថ្ងៃមុននោះមានការវាយប្រហារដោយគ្រាប់មីន និងគ្រាប់បែកទៅលើក្បួនរថយន្តរបស់យោធា។ យ៉ាងណាមិញ ខាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានច្រានចោលនូវសេចក្តីរាយការណ៍ព័ត៌មានខាងលើ។ រីឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar នៅថ្ងៃសុក្រនេះបានចេញផ្សាយថា សេចក្តីរាយការណ៍ព័ត៌មាននោះ គឺជាព័ត៌មានប្រឌិតសុទ្ធសាធ និងជាភស្តុតាងបង្ហាញឱ្យឃើញពីការគុបគិតគ្នារវាងបណ្តាញក្នុងស្រុក ហើយនិងពួកបរទេស។ សូមជម្រាបថា​ ចាប់តាំងតែពីព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលសហគមន៍អន្តរជាតិចាត់ទុក ជារដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូជី រហូតមកទល់ពេលនេះ យោធាមីយ៉ាន់ម៉ាបានបន្តស្ថិតក្នុងស្ថានភាពជាប់គាំង ដោយបង្ហូរឈាមជាមួយក្រុមសកម្មប្រយុទ្ធ ដែលធ្វើសកម្មភាពនៅតាមតំបន់ផ្សេងៗជុំវិញប្រទេស ដើម្បីព្យាយាមប្រឆាំងតទល់របបរបស់ខ្លួន៕ដោយ​៖ស​ តារា

...

រូបថត៖IUN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print