អន្តរជាតិ៖ នេះបេីតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានលើកឡើងបែបនេះ នៅថ្ងៃទី៩ ខែធ្នូ ២០២១នេះថា សហរដ្ឋអាមេចរិក បានខឹងសម្បាយ៉ាងខ្លាំង ចំពោះរបាយការណ៍ដែលបង្ហាញថា ទាហានមីយ៉ាន់ម៉ា បានសម្លាប់មនុស្សចំនួន១១នាក់នៅតំបន់ភាគពាយ័ព្យនៃទីក្រុង Sagaing ។
ជាក់ស្ដែងយោងតាមខ្សែវីដេអូ និងរូបភាព ដែលបង្ហាញពីសាកសព ត្រូវបានផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មាន Myanmar Now ទាហានមីយ៉ាន់ម៉ា ត្រូវបានចោទប្រកាន់ថា បានបាញ់ស្លាប់ប្រជាជនចំនួន១១នាក់ និងបានដុតសាកសពអ្នកទាំងនោះ។ សាកសព ដែលបានឆេះ ត្រូវបានគេរកឃើញនៅក្នុងភូមិមួយនៃទីក្រុង Sagaing ។។
ការបាញ់សម្លាប់លើប្រជាជនស៊ីវិលបែបនេះ បានធ្វើឱ្យអាម៉េរិករិះគន់យ៉ាងខ្លាំង។ «យើងមានការខឹងសម្បា ចំពោះរបាយការណ៍…ដែលយោធាមីយ៉ាន់ម៉ា បានចងអ្នកភូមិ ១១ នាក់ រួមទាំងកុមារនៅភាគពាយព្យនៃប្រទេស និងបានដុតពួកគេទាំងរស់»។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ មុននឹងរំលឹកឡើងវិញពីការអំពាវនាវរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឱ្យរបបសឹកបញ្ចប់អំពើហិង្សា និងដោះលែងអ្នកជាប់ឃុំ ដោយអយុត្តិធម៌ ចាប់តាំងពីរបបយោធា បានធ្វើរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈ។
ដោយឡែកបើតាមអ្នកស្រុក ក៏បានអះអាងថា សាកសពជនរងគ្រោះ ត្រូវបានគេរកឃើញនៅក្នុងភូមិមួយ ក្នុងក្រុង Sagaing តំបន់មួយ ដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងកម្លាំងសន្តិសុខយោធា និងក្រុមប្រដាប់អាវុធបង្កើត ដោយក្រុមប្រឆាំងនៅមីយ៉ាន់ម៉ា។ អ្នកស្រុក ក៏បានបញ្ជាក់ថា ជនរងគ្រោះមួយចំនួននៅមានជីវិតនៅឡើយ ក្នុងពេលទាហានមីយ៉ាន់ម៉ា បានដុតពួកគេ។
សូមជម្រាបថា ចាប់តាំងពីរដ្ឋប្រហារយោធាមក មីយ៉ាន់ម៉ា កំពុងកើតមានបញ្ហាជាច្រើន ក្នុងនោះរួមមានទាំងជម្លោះជាមួយក្រុមជនជាតិភាគតិច, ជំងឺកូវីដ-១៩, ទណ្ឌកម្មពីអាម៉េរិក និងប្រទេសលោកខាងលិច និងបាតុកម្មនៅក្នុងប្រទេសជាដើម៕ដោយ៖ស តារា
រូបថត៖IUN.