ខេត្តបន្ទាយមានជ័យ៖ អគ្គិភ័យបានឆាបឆេះរោងម៉ាស៊ីនកិនស្រូវដ៏ធំមួយកន្លែងនៅក្នុងស្រុកអូរជ្រៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់អធ្រាត្រខណៈដែលម្ចាស់រោងម៉ាស៊ីនស្រូវនោះកំពុងដេកលង់លក់នៅក្នុងផ្ទះក្បែររោងម៉ាស៊ីនស្រូវតែម្តង។
សេចក្តីរាយការណ៍ឱ្យដឹងថា អគ្គិភ័យដែលឆាបឆេះរោងម៉ាស៊ីនស្រូវទាំងស្រុងគេមិនទាន់ដឹងថា ស្រូវនិងអង្កដែលស្តុកនៅក្នុងម៉ាស៊ីនបានរងការខូបបាត់បង់គិតជាទឹកប្រាក់ប៉ុន្មាននៅឡើយនោះទេ ប៉ុន្តែបើតាមការសន្និដ្ឋានបឋមអគ្គិភ័យធ្វើឱ្យបាត់បង់ខូចខាតទ្រព្យសម្បត្តិយ៉ាងហោចណាស់គិតជាទឹកប្រាក់រាប់ម៉ឺនដូល្លាឡើងទៅ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចឱ្យដឹងទៀតថា អគ្គិភ័យនោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញភ្លើងឆេះចេញពីកំណកន្ធួកចំណុចម៉ាស៊ីនកិនស្រូវនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិប៉ោយវត្ត ឃុំចង្កា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថា អគ្គិភ័យនោះមិនបង្កឱ្យ មនុស្សណាម្នាក់ទទួល រងបួសឬស្លាប់នោះទេ គ្រាន់តែម្ចាស់ រោងម៉ាស៊ីន២នាក់ប្តី ប្រពន្ធបានរងការដួលសន្លប់ ក្រោយពីតក់ស្លុតឃើញរោងម៉ាស៊ីនកិនស្រូវរបស់ខ្លួន ត្រូវភ្លើងកំពុង ឆាបឆេះ។ ម្ចាស់រោងម៉ាស៊ីនត្រូវបានគេដឹកយកទៅសង្រ្គោះនៅគ្លីនិកឯកជនក្នុងមូលដ្ឋាននោះហើយ ម្ចាស់រោងម៉ាស៊ីន២នាក់ ប្តីប្រពន្ធបានដឹងខ្លួនវិញហើយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ សមត្ថកិច្ចមិនទាន់អាចរកសាកសួរពីម្ចាស់រងគ្រោះបាននៅឡើយនោះទេ។
ម្ចាស់រោងម៉ាស៊ីនរងគ្រោះខាងលើប្តីមានឈ្មោះញ៉ក់ ធូ អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ ញៀន ដាណេ អាយុ៣៤ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
គួរបញ្ជាក់ថា ខណៈមានអគ្គីភ័យកើតឡើងគេសង្កេតឃើញមានរថយន្តទឹករបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿងរថយន្តទឹកកាស៊ីណូក្រុងប៉ោយប៉ែត និងរថយន្តទឹកក្នុងភូមិសរុប៦គ្រឿងបានចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើងនោះដែរ ក៏ប៉ុន្តែមិនអាចជួយសង្រ្គោះបាននោះទេ គ្រាន់តែបានទប់ស្កាត់មិនឱ្យភ្លើងទៅឆេះរាលដាលកន្លែងដ៏ទៃទៀតប៉ុណ្ណោះ។
អគ្គិភ័យនោះដែរសមត្ថកិច្ចមិនទាន់ដឹងថាបង្កឡើងដោយអ្វីនៅឡើយនោះទេជុំវិញបញ្ហានេះកំពុងស្ថិតក្នុងការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ច៕
ដោយ៖ សំ វិច្ឆិកា