ប្រកាសបើកការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២១

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកស្រី ឆៃ ច័ន្ទរិទ្ធិសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា។ នេះបើយោងតាមផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា

#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACEបញ្ជាក់អោយដឹង នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ៥០នាក់ មកពី៦ក្លិប ដោយមានវិញ្ញាសាប្រកួតរាំអន្តរជាតិ ចំនួន២៣។ ការប្រកួតនេះ បានដំណើរការក្រោមការឧបត្ថម្ភថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហការចូលរួមឧបត្ថម្ភបន្ថែមពីក្រុមហ៊ុនចំនួន១៨ផ្សេងទៀត។

លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា ថ្លែងក្នុងឱកាសបើកព្រឹកនេះថា ក្នុងនាមសហព័ន្ធកីឡារាំកម្ពុជា លោកជំទាវស្នើឲ្យមន្ត្រីថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិ លោកគ្រូ អ្នកគ្រូបង្វឹក និងកីឡាករ កីឡាការិនី បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង សហការគ្នា បង្កើនភាពស្និទ្ធស្នាល ស្វាហាប់ ក្នុងការងារជំនាញកីឡារាំ ឲ្យកាន់តែខ្លាំងក្លា និងឆន្ទៈមោះមុត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួត SEA GAMES ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ ការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ លើ២៣ប្រភេទវិញ្ញាសា នឹងសម្រិតសម្រាំងបានធនធានកីឡាករ កីឡាការិនី ពូកែៗបន្ថែមទៀត។

លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា មានប្រសាសន៍ថា វិស័យកីឡារាំមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយទទួលបានការចាប់អារម្មណ៍ចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន យុវនារី ហើយលទ្ធផល នៃការប្រកួតជាលក្ខណៈអន្តរជាតិ មានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ បច្ចុប្បន្ន កម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គមពីព្រោះ «កីឡាកសាងមនុស្ស មនុស្សកសាងសង្គម» ។

លោកស្រីបន្ថែមទៀតថា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើនកីឡា នៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិ ត្រៀមសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។ «នាងខ្ញុំសូមអំពាវនាវ ដល់វិស័យឯកជន ដៃគូអភិវឌ្ឍ សប្បុរសជន និងប្រជាជនសូមចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង។ ក្រោមពាក្យស្លោក «រួមគ្នាធ្វើអ្វីៗទាំងអស់គ្នា ដើម្បីកីឡា ឆ្ពោះទៅជោគជ័យ នៅស៊ីហ្គេមឆ្នាំ២០២៣»៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print