ភ្នំពេញ៖ រថយន្តឡិចស៊ីសRX450h
បានបេីកបុកឡំប្រឺតាពីចំហៀងពេញទំហឹងគាបជាប់នឹងរថយន្តអូសជាង១០ម៉ែត្របណ្តាលឱ្យបុរសអ្នកបើកឡំប្រឺតារងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៤៣២កែងផ្លូវលេខ១៦៧ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកបរឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខកំពង់ចាម1I -3376 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៦៧ ក្នុងទិសដៅពីជេីងទៅត្បូងឆ្លងផ្លូវលេខ៤៣២ ភ្លាមនោះស្រាប់តែមានរថយន្តឡិចស៊ីស RX 450H ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-3368 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកឡំប្រឺតាចំពីចំហៀងពេញទំហឹងគាបជាប់អូសប្រហែលជាង១០ម៉ែត្របណ្តាលឱ្យម្ចាស់ឡំប្រឺតារងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីមកធ្វេីការវាស់វែងយករថយន្តបង្កហេតុនិងឡំប្រឺតារងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕
ដោយ៖សុខាសែនជ័យ