ភ្នំពេញ៖ ការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល៥ថ្ងៃ លើផ្ទៃសាគរនាតំបន់ឆ្នេរសុខា ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ៨គ្រឿង រួមមាន មេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ៣។ នេះបើយោងតាមផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។
ព្រឹត្តិការណ៍ប្រចាំតំបន់នេះ បានចាប់ផ្ដើមការប្រកួតផ្លូវការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូនេះ (លើកលែងថ្ងៃទី១៦-ធ្នូ ត្រូវបានគណៈកម្មការលុបចោលការប្រកួត ព្រោះខ្យល់មិនគ្រប់គ្រាន់ស្របតាមស្ដង់ដារ) ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ២៧នាក់ មកពី ៣ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី (សហម្ចាស់ផ្ទះ) និងម៉ាឡេស៊ី។
សរុបលទ្ធផលបច្ចេកទេស នៃការប្រកួតលើវិញ្ញាសាចំនួន ៥ រួមមាន៖
១-វិញ្ញាសា RS:One មានបេក្ខភាពប្រកួត ៥រូប (កម្ពុជា ៣រូប)
– លេខ១ កម្ពុជា ឈ្មោះ ប៉ាល់ សីលា
– លេខ២ កម្ពុជា ឈ្មោះ សែម ប្រុសពៅ
– លេខ៣ កម្ពុជា ឈ្មោះ ហេន សុភី
២-វិញ្ញាសា ILCA6 មានបេក្ខភាពប្រកួត ៥រូប (កម្ពុជា ២រូប)
+ ប្រភេទ Overall (បុរស-នារី)
– លេខ១ សិង្ហបុរី ឈ្មោះ Lim Khoon Leng
– លេខ២ សិង្ហបុរី ឈ្មោះ Fong Jun Ray
– លេខ៣ សិង្ហបុរី ឈ្មោះ Cheung Kai Jeng Keenan
+ ប្រភេទបុរស
– លេខ១ សិង្ហបុរី ឈ្មោះ Lim Khoon Leng
– លេខ២ សិង្ហបុរី ឈ្មោះ Fong Jun Ray
– លេខ៣ សិង្ហបុរី ឈ្មោះ Cheung Kai Jeng Keenan
(កីឡាករកម្ពុជា ២រូប ទទួលបានលេខ៤ និងលេខ៥)
៣- វិញ្ញាសា ILCA7 មានបេក្ខភាពប្រកួត ៣រូប (កម្ពុជា ២រូប)
– លេខ១ ម៉ាឡេស៊ី ឈ្មោះ Asyraaf Bin Mokhtar
– លេខ២ កម្ពុជា ឈ្មោះ ញូវ ចាន់
– លេខ៣ កម្ពុជា ឈ្មោះ ឡុច ដារ៉ុង
៤- វិញ្ញាសា Techno 293 មានបេក្ខជនប្រកួត ៨រូប (កម្ពុជា ៥រូប)
+ ប្រភេទ Overall (បុរស-នារី)
– លេខ១ សិង្ហបុរី ឈ្មោះ David Ng Tiong Gee
– លេខ២ កម្ពុជា ឈ្មោះ កែវ ភារុណ
– លេខ៣ សិង្ហបុរី ឈ្មោះ Angel Chew
+ ប្រភេទយុវជន
– លេខ១ សិង្ហបុរី ឈ្មោះ David Ng Tiong Gee
– លេខ២ កម្ពុជា ឈ្មោះ កែវ ភារុណ
– លេខ៣ កម្ពុជា ឈ្មោះ កែវ ភានុន
៥-វិញ្ញាសា ILCA4 មានបេក្ខជនប្រកួត ៣រូប (មិនមានកីឡាករកម្ពុជាទេ)
– លេខ១ សិង្ហបុរី ឈ្មោះ Russell Auggustine Yom
– លេខ២ ម៉ាឡេស៊ី ឈ្មោះ Muhammad Asawa Iqbal Bin Adam
– លេខ៣ សិង្ហបុរី ឈ្មោះ Nadine SNG Wen Ting
ជាមួយការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិ លើកដំបូងនេះ កម្ពុជាបានទទួលការកោតសរសើរពីជំនាញការអន្ដរជាតិ ពិសេសលោក Chan Khun Sing Joseph ប្រធានគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត ដែលបានវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ដែលមានធនធានមានសមត្ថភាពគ្រប់គ្រាន់ អាចរៀបចំការប្រកួតអន្ដរជាតិ ដោយខ្លួនឯង ទាំងគណៈកម្មការបច្ចេកទេស និងកីឡាករ-កីឡាការិនី ស្របពេលឆ្នេរសមុទ្រកម្ពុជា មានលក្ខណៈស្ដង់ដារ អាចរៀបចំការប្រកួតអន្ដរជាតិបានទៀតផង។
អ្វីដែលពិសេស គឺជំនាញការអន្ដរជាតិរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីកម្ពុជាទើបទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតអន្ដរជាតិលើកដំបូង ប៉ុន្ដែកម្ពុជា បានរៀបចំ និងទទួលបដិសណ្ឋារកិច្ច ចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងភ្ញៀវចូលរួមព្រឹត្តិការណ៍នេះ បានយ៉ាងល្អប្រសើរ ប្រកបដោយភាពកក់ក្ដៅ។ មិនតែប៉ុណ្ណោះ លោកបានអំពាវនាវឲ្យប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់ បន្ទាប់ពីបានចូលរួមការប្រកួតនៅកម្ពុជា សូមប្រាប់ទៅមិត្តភ័ក្ដ្រ បងប្អូនវិញថា ឆ្នេរសមុទ្រនៅកម្ពុជា ពិតជាស្រស់ស្អាតខ្លាំងណាស់ទៀតផង៕