លោក Wang Wentian: ប្រទេសមួយចំនួនបន្តលាបពណ៌បង្ខូចឈ្មោះលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រក្រតីរវាងចិននិងកម្ពុជា ដាក់ទណ្ឌកម្មតាមចិត្តដោយឯកតោភាគីមកលើកម្ពុជា

ចែករំលែក៖

ភ្នំពេញ : លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា, ប្រទេសមួយចំនួនបន្តលាបពណ៌បង្ខូចឈ្មោះលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រក្រតីរវាងចិននិងកម្ពុជា ដាក់ទណ្ឌកម្មតាមចិត្តដោយឯកតោភាគីមកលើកម្ពុជា “ធ្វើយុត្តាធិការហួសដែនកំណត់”ផ្ដេសផ្ដាស និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ភាគីចិនសូមប្រឆាំងជាដាច់ខាតចំពោះទង្វើទាំងអស់នេះ។ លោក Wang Wentian បានថ្លែងបែបនេះខណៈ សម្តេចពិជ័យសេនានិងឯកអគ្គរដ្ឋទូតចិនអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់និងទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថដែលជាជំនួយរបស់ក្រសួងការពារជាតិចិនជូនចំពោះភាគីកម្ពុជា !

សូមបញ្ជាក់ថា, ផេកផ្លូវការរបស់ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានបង្ហោះថា, នាព្រឹកថ្ងៃទី១៧ខែធ្នូ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់និងទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថដែលជាជំនួយរបស់ក្រសួងការពារជាតិចិនជូនចំពោះភាគីកម្ពុជា។

ក្នុងសុន្ទរកថារបស់លោក Wang Wentian បានលើកឡើងថា ប្រឈមមុខនឹងជំងឺវីរុសកូវីដនិងការប្រែប្រួលខ្លាំងនៃស្ថានភាពពិភពលោក ក្នុងនាមជាមិត្តដែកថែប ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាសហគមន៍វាសនារួម ចិននិងកម្ពុជាមានមនោសញ្ចេតនាយ៉ាងជិតស្និទ្ធ តែងជួយគ្នាទៅវិញទៅមក រួបរួមសាមគ្គីគ្នាយ៉ាងស្អិតរមួយជាងពេលណាៗទាំងអស់ បង្កើតបានជាគំរូសម្រាប់សហគមន៍អន្តរជាតិក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ។ ប្រជាជនចិនបានចាត់ទុកកម្ពុជាជា“មិត្តដែកថែប” ដោយបានប្រៀបធៀបចំណងមិត្តភាពរវាងភាគីទាំងពីរជាដែកថែបដ៏រឹងមាំ។ កិច្ចសហប្រតិបត្តិការកងទ័ពចិននិងកម្ពុជា គឺជាសសរដ៏រឹងមាំសម្រាប់“ចំណងមិត្តភាពដែកថែប”នៃប្រទេសទាំងពីរ។ កងទ័ពចិនជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការហ្វឹកហ្វឺននៃកងរាជអាវុធហត្ថកម្ពុជា គឺដើម្បីគាំទ្រការអភិវឌ្ឍន៍របស់កងរាជអាវុធហត្ថកម្ពុជាដោយសកម្មភាពជាក់ស្ដែង។ ទីលានប្រកួតបាញ់គ្រាប់ពិតអាស៊ានដែលជាជំនួយរបស់ភាគីចិន នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងនិងសាមគ្គីភាព បង្កើនចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយកងទ័ពក្នុងប្រទេសអាស៊ាន។

លោក Wang Wentian បានបន្តទៀតថា ប្រវត្តិសាស្ត្រនិងភាពជាក់ស្តែងបានបង្ហាញជាបន្តបន្ទាប់ ការអភិវឌ្ឍន៍ដោយសន្តិភាព យុត្តិធម៌សច្ចធម៌ និងកិច្ចសហប្រតិបត្តិការជោគជ័យរួមគឺជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ពិភពលោក។ នយោបាយអំណាចគៀបសង្កត់ អនុត្តរភាព និងគំនិតលម្អៀងZero-sumគឺគ្មានអនាគតនោះទេ។ ប្រទេសមួយចំនួនបន្តលាបពណ៌បង្ខូចឈ្មោះលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រក្រតីរវាងចិននិងកម្ពុជា ដាក់ទណ្ឌកម្មតាមចិត្តដោយឯកតោភាគីមកលើកម្ពុជា “ធ្វើយុត្តាធិការហួសដែនកំណត់”ផ្ដេសផ្ដាស និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ភាគីចិនសូមប្រឆាំងជាដាច់ខាតចំពោះទង្វើទាំងអស់នេះ។ ឱ្យតែសមស្របជាមួយនឹងអត្ថប្រយោជន៍ចិននិងកម្ពុជា យើងនឹងជំរុញយ៉ាងមុតមាំដោយមិនងាករេ មិនថាមានភាពលំបាកច្រើនយ៉ាងណាក៏ដោយ។ កងទ័ពចិននិងកម្ពុជានៅតែបន្តគាំទ្រគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងយ៉ាងម៉ើងម៉ាត់ នឹងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងជំរុញផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាជនទាំងពីរប្រទេស។

សម្តេចពិជ័យសេនា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងកងទ័ពចិនដែលតែងផ្តល់ការគាំទ្រនិងជំនួយដល់កងយោធពលខេមរភូមិន្ទក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងបណ្តុះបណ្តាលធនធានមនុស្សជាដើម។ គម្រោងជួយសាងសង់របស់ភាគីចិនជូនកម្ពុជានាលើកនេះ នឹងបង្កើតជាលក្ខខណ្ឌសម្រាប់កម្ពុជាក្នុងការរៀបចំការប្រកួតបាញ់គ្រាប់ពិតអាស៊ានក្នុងឆ្នាំ២០២៣ ហើយនឹងផ្តល់ជាការគាំទ្រយ៉ាងសំខាន់សម្រាប់ការរៀបចំបណ្តុះបណ្តាលដល់កងរាជអាវុធហត្ថកម្ពុជា។

សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពនៃប្រទេសនិងយោធាទាំងពីរតែងពុះពាររាល់បញ្ហាប្រឈមនិងហានិភ័យ កិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់ផ្នែកបានបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅនិងសម្រេចបានសមិទ្ធផលផ្លែផ្កាជាច្រើន នេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ទៅវិញទៅមកនៃប្រទេសនិងកងទ័ពទាំងពីរ ដែលជាបងប្អូនល្អរួមសុខរួមទុក្ខ ជាបងប្អូនដែកថែប និងជាបងប្អូនយូរអង្វែង គឺជាដៃគូល្អដែលនិយាយតិចតែអនុវត្តច្រើន។ នេះបានបង្ហាញពីការរួបរួមសាមគ្គីគ្នានៃចំណងមិត្តភាពកម្ពុជា-ចិនគឺជាចំណងមិត្តភាពយ៉ាងពិតប្រាកដនៃប្រជាជននិងប្រជាជន ប្រទេសនិងប្រទេស បានផ្តល់ជាគំរូនិងជាទ្រព្យធនដ៏មានតម្លៃសម្រាប់ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ កងយោធពលខេមរភូមិន្ទនឹងចងចាំចំណងមិត្តភាពនៃប្រទេសនិងកងទ័ពទាំងពីរជារៀងរហូត ហើយនឹងធ្វើជាមិត្តល្អរបស់ប្រជាជននិងកងទ័ពចិនដែលរួមសុខទុក្ខជាមួយគ្នា។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក Zhu Shuaifei មន្រ្តីទទួលបន្ទុកកិច្ចការបណ្ដោះអាសន្នក្នុងការិយាល័យអនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញចូលរួមក្នុងពិធីខាងលើ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print