ភ្នំពេញ : ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារឧត្តមមន្ត្រីច្បាប់ និងយុត្តិធម៌អាស៊ាន នៃក្រសួងយុត្តិធម៌។ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សម្រេច:
ប្រការ១ …ត្រូវបានបង្កើតក្រុមការងារឧត្តមមន្ត្រីច្បាប់ និងយុត្តិធម៌អាស៊ាន នៃក្រសួងយុត្តិធម៌ ដែលមានសមាសភាពដូចខាងក្រោម :
១-លោក ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ប្រធាន
២-លោក នាក់ សើគីរីន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ អនុប្រធាន
៣-លោកស្រី ខៀវ សុផានី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ អនុប្រធាន
៤-លោក តាំន់ហ៊ាង ដាវ័ណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ វិស័យយុត្តិធម៌ អនុប្រធានប្រចាំការ
៥-លោក ប៉ែន ពេជ្រសាលី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ អនុប្រធាន
៦-លោកស្រី ប៉ែន សុមាធា អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី អនុប្រធាន និងសមាជិកចំនួន ៧រូប។
ប្រការ២ ..ក្រុមការងារនេះ មានភារកិច្ច ដូចខាងក្រោម៖
– សម្របសម្រួលកិច្ចការអាស៊ានដែលពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌
– សម្របសម្រួល និងសហការជាមួយលេខាធិការដ្ឋានអាស៊ាន-កម្ពុជា និងលេខាធិការដ្ឋានអាស៊ាន ពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌
– សម្របសម្រួល និងសហការជាមួយអង្គភាពជំនាញរបស់ក្រសួងយុត្តិធម៌ លើការរៀបចំឯកសារច្បាប់ និងឯកសារនានាពាក់ព័ន្ធនឹងកម្មវិធីសហប្រតិបត្តិការច្បាប់ និងយុត្តិធម៌អាស៊ាន ចូលរួមនិងរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ាន, កិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត
– រៀបចំឯកសារ និងសម្របសម្រួលគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារ ជំនាញផ្សេងៗ និងកិច្ចប្រជុំពាក់ព័ន្ធនឹងការងារច្បាប់ និងយុត្តិធម៌អាស៊ាន
– សិក្សាស្រាវជ្រាវ និងចងក្រងឯកសារចាំបាច់ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសជាដៃគូអាស៊ាន
– សម្របសម្រួលការងារជាមួយក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌អាស៊ាន
– រៀបចំគម្រោងថវិកា និងផែនការសកម្មភាពប្រចាំឆ្នាំពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ដ្រីច្បាប់អាស៊ាន,កិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត
– តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាព ដែលពាក់ព័ន្ធនឹងការងារ
ច្បាប់និងយុត្តិធម៌អាស៊ាន ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ -បំពេញភារកិច្ចផ្សេងៗទៀត តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ប្រការ៣..ក្រុមការងារនេះ មាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យ យុត្តិធម៌ ជាសេនាធិការលើការងារពិធីការ រដ្ឋបាល និងហិរញ្ញវត្ថុ។
ប្រការ៤..អនុប្រធាន និងសមាជិកនៃក្រុមការងារ ត្រូវចូលរួមកិច្ចប្រជុំតាមការកោះអញ្ជើញរបស់ប្រធាន។ ក្នុងករណីប្រធានអវត្តមាន អនុប្រធានអាចកោះប្រជុំ និង/ឬ ដឹកនាំកិច្ចប្រជុំជំនួសបាន តាមការប្រគល់សិទ្ធិពីប្រធាន។ ក្រុមការងារនេះ អាចជ្រើសរើសមន្ត្រីក្រោមឱវាទបន្ថែម និងបង្កើតជាក្រុមជំនាញផ្សេងៗ ដើម្បីជាជំនួយ ដល់ការអនុវត្តការងាររបស់ខ្លួន។ ក្រុមការងារនេះ អាចអញ្ជើញអ្នកជំនាញ ឬទីប្រឹក្សា ឬមន្ត្រីជំនាញពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីផ្តល់យោបល់ និងជួយដល់ដំណើរការការងាររបស់ខ្លួន តាមការចាំបាច់។
ប្រការ៥ ..ក្រុមការងារនេះ ប្រើប្រាស់ថវិការបស់ក្រសួងយុត្តិធម៌ ដើម្បីបំពេញការងាររបស់ខ្លួន។ ក្រុមការងារនេះ អាចទទួលមូលនិធិ ដែលបានមកពីហិរញ្ញប្បទានសហប្រតិបត្តិការជាតិ និងអន្តរជាតិ និងមកពីប្រភពផ្សេងៗទៀត។
ប្រការ៦..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៧ …នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ និងសាមីខ្លួន ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ: សុខ ខេមរា