ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំសិក្ខាសាលា ស្តីពីការអប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការរបស់ខ្លួន ដោយមានការចូលរួមសិស្សានុសិស្សជានារីជាច្រើននាក់។ នេះបើយោហតាមផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE អោយដឹងនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា នេះជាការវគ្គសិក្សាប្រចាំមួយ ដើម្បីលើកទឹកចិត្តដល់ចលនាស្ត្រីក្នុងកីឡាឲ្យបានច្រើន ជាពិសេសគឺការផ្ទេចំណេះដឹងទាក់ទងនឹងបំណិនជីវិតឲ្យស្ត្រីឲ្យមានភាពក្លាហាន និងចូលរួមក្នុងកីឡា ដោយស្ត្រីគឺជាផ្នែកសំខាន់មិនអាចខ្វះបានដូចបុរសដែរ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានជំរុញឲ្យគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសនីមួយៗ ជុំវិញពិភពលោកធ្វើឲ្យមានសមភាពស្ត្រីដូចបុរសដែរ ជាពិសេសគឺគោលការណ៍អូឡាំពិកអន្តរជាតិបំផុសឲ្យមានស្ត្រីដឹកនាំក្នុងវិស័យកីឡាត្រូវបានបង្កើនឲ្យបាន ៣០% ចាប់តាំងពីឆ្នាំ២០២០មក ប៉ុន្តែការចូលរួមរបស់ស្រ្តី នៅក្នុងកីឡា គឺត្រូវបានបំផុសឲ្យចូលរួមមានចំនួនដូចគ្នានឹងបុរសដែរ។
«ដោយសារតែបច្ចុប្បន្នការបើកទូលាយដល់ស្ត្រីក្នុងការចូលរួមក្នុងកីឡាកាន់តែទូលំទូលាយ និងសារៈសំខាន់របស់ស្ត្រីក្នុងកីឡានោះហើយ ទើបគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងតែរៀបចំការបញ្រ្ជាបការផ្សព្វផ្សាយចលនាអូឡាំពិកដល់ស្ត្រី ដើម្បីឲ្យពួគគាត់បានស្វែងយល់ពីសិទ្ធិក្នុងការចូលរួមកីឡា។ ជាមួយគ្នានោះ ខ្ញុំបានលើកទឹកចិត្តដល់ស្ត្រីឲ្យយល់ដឹង និងកសាងជីវិតរបស់ពួកគាត់ឲ្យមានគុណភាពតាមរយៈវិស័យកីឡា តាមរយៈការពង្រឹងចិត្តសាស្ត្រកីឡា ដើម្បីជួយជំរុញឲ្យស្ត្រីមានភាពក្លាហាន ក្នុងការផ្លាស់ប្តូរជីវិតរបស់គាត់»។ នេះការបញ្ចាក់បន្ថែមឯកឧត្តមអគ្គលេខាធិការ។
ចំពោះចំណុចសំខាន់មួយទៀត ក្នុងកម្មវិធីអប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងកីឡានេះ ក៏យើងបានផ្ញើសារអំពីដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡានពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជូនដល់ពួកគាត់ ដើម្បីឲ្យសិស្សានុសិស្សបានចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ដោយយើងបានលើកទឹកចិត្តឲ្យពួកគាត់ចូលរួមក្នុងនាមជាអ្នកស្ម័គ្រចិត្ត ដែលព្រឹត្តិការណ៍នេះត្រូវការអ្នកស្ម័គ្រចិត្តជិត១ម៉ឺននាក់ ដែលអ្នកស្ម័គ្រចិត្តចេញពីសិស្ស-និស្សិតនេះហើយ។
«ដើម្បីស្រួបទាញកម្លាំងយុវជន សិស្ស-និស្សិតចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះកាន់តែអស្ចារ្យទៀតនោះ គឺថាយើងនឹងអាចស្នើសុំរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្យាវិស្សមកាលនៃការសិក្សា ចន្លោះការប្រកួតស៊ីហ្គេម ពីថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដើម្បីស្រួបយកការគាំទ្របន្ថែមដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើង»។
មួយផ្នែកទៀត គឺជាផ្តល់ឱកាសឲ្យយុវជន សិស្ស-និស្សិតបានទទួលយកនូវបទពិសោធនៃការទទួលបដិសណ្ឋាកិច្ច គាំទ្រដល់ការរៀបចំ ការប្រកួត មើលឃើញពីការរីកចម្រើនរបស់កីឡា ដើម្បីទុកជាប្រយោជន៍ដល់ការសិក្សារបស់ពួកគាត់ផងដែរ។ ការអប់រំកាយ និងកីឡា គឺជាសមាសភាពមួយដ៏សំខាន់មិនអាចខ្វះបាន នៅក្នុងការអប់រំ ដោយការអប់រំរាងកាយ គឺកើតចេញជាបញ្ញា បើកាលកើតជាបញ្ញា គឺវាបានផ្តល់ប្រយោជន៍ដល់សិក្សារៀនសូត្ររបស់ពួកគាត់។ នេះជាប្រសាសន៍បន្ថែមរបស់លោក វ៉ាត់ ចំរើន៕