ខេត្តកំពង់ចាម៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងនូវសេចក្តីសោមនស្សរីករាយ និងអំណរគុណ ចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ រួមមាន ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍ កសិកម្ម (IFAD) ដែលបានផ្តល់ ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចី ដ៏ធំធេង តាមរយៈ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន ២ នាថ្ងៃនេះ។ ការថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស លោកអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ១ខ្សែ មានប្រវែង ២.៦៩៧ម៉ែត្រ ឆ្លងកាត់ឃុំចំនួន ២ ស្ថិតក្នុងស្រុកកោះសូទិន នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ។
ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានថ្លែងការកោតសរសើរ ដល់ក្រុមការងារអនុវត្តគម្រោង របស់លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា ក្រុមការងារគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ក្នុងការអនុវត្តគម្រោងកន្លងមក ទទួលបានលទ្ធផលដ៏ធំធេង ក្នុងការជួយគាំទ្រដល់កសិករគោលដៅ ឱ្យមានជីវភាពកាន់តែល្អប្រសើរ ចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយជាតិ និងបានការគាំទ្រ ពីដៃគូអភិវឌ្ឍន៍ ឲ្យមានជំហាន២ ទៀតនៅថ្ងៃនេះ ផងដែរ ។ លោកអភិបាលខេត្ត មានប្រសាសន៍ដែរថា គម្រោងខាងលើនេះ មិនមែនបានមកដោយការចៃដន្យនោះទេ តែវាពិតជាកើតឡើង ដោយការខិតខំរបស់រដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមជាមួយនឹងប្រទេស មានសុខសន្តិភាព ការខិតខំប្រឹងប្រែង របស់ក្រុមការងារគម្រោង ផងដែរ ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់លោកមេឃុំ ដែលជាម្ចាស់គម្រោង ត្រូវតែយកចិត្តទុកដាក់តាមដានត្រួតពិនិត្យ ឱ្យបានម៉ត់ចត់បំផុត ។ រីឯក្រុមការងារគម្រោងទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងទីប្រឹក្សាបច្ចេកទេស គួរតែរៀបចំធ្វើបទបង្ហាញ ដោយសង្ខេបអំពីលក្ខណៈបច្ចេក ទេសដល់ឃុំ ដើម្បី មានសមត្ថភាពក្នុងត្រួតពិនត្យ និងតាមដាន ។ ចំពោះ ក្រុមហ៊ុនទទួលការ ត្រូវយកចិត្តទុកដាក់អនុវត្តគម្រោង ទៅតាមបទដ្ឋានបច្ចេកទេស ។
សូមបញ្ជាក់ថា គម្រោងផ្លូវក្រាលកៅស៊ូ ២ជាន់ មានប្រវែងមាន ២.៦៩៧ម៉ែត្រ គុណទទឹង ៥ម៉ែត្រ នេះ ស្ថិតនៅឃុំពង្រ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានអ្នកទទួលផល សរុប ៣.៤៥៩នាក់ ស្មើនឹង ៩៤៦គ្រួសារ ។ គម្រោងអន្តរឃុំនេះ បានការគាំទ្រពីគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន ២ ។ កន្លងមក ក៏ដូចជា បច្ចុប្បន្ន គម្រោងបានផ្តល់នូវវឌ្ឍនៈភាព ជាច្រើនជូនប្រជាជនក្រីក្រកំរិត១ និង២ នៅក្នុងស្រុកគោលដៅចំនួន ០៥ស្រុក (កោះសូទិន ស្ទឹងត្រង់ កងមាស ជើងព្រៃ និងស្រុកបាធាយ) ស្មើនឹង ឃុំគោលដៅចំនួន ៤០ ។ គម្រោងអនុវត្តផ្ដោតទៅលើ ១.ការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ គាំទ្រដល់ផលិតភាពកសិកម្ម ។ ២.ការពង្រឹងសមត្ថភាពក្រុមកសិករខ្នាតតូច LIG ។ និង៣.ការគាំទ្រការបង្កើនផលិតភាព កសិកម្មពិពិធកម្មកសិកម្ម ភាពធន់នឹងអាកាសធាតុ ផងដែរ ៕
ដោយ៖ស តារា