ខេត្តកែប៖ កម្លាំងនគរបាលខេត្តកែប នៅព្រឹកថ្ងៃចន្ទទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នូ ឡុង អាយុ ៥៨ឆ្នាំ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនា លើអ្នកដទៃ ទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់។
បើតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឱ្យដឹងថា ជនសង្ស័យ កាលពីវេលាម៉ោង ៨ និង២០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ថ្មីៗនេះ បានយកដំបងជ្រុង ទៅវាយក្បាលស្ត្រីឈ្មោះ វង្ស សុខឿន អាយុ ៤៩ឆ្នាំ ដែលត្រូវជាប្អូនថ្លៃរបស់ខ្លួនបណ្ដាលឱ្យរងរបួសធ្ងន់ ព្រោះតែជម្លោះពាក្យសម្តីបន្តិចបន្តួច។
មន្រ្តីដដែលបន្តថា បន្ទាប់ពីកើតហេតុ ភ្លាមនោះកម្លាំងសមត្ថកិច្ចជំនាញខេត្ត បានចុះដល់ទីតាំងកេីតហេតុ ដោយឃាត់ខ្លួនជនសង្ស័យ នាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សហការី