កាកបាទក្រហមកម្ពុជា​ បិទបញ្ចប់បេសកកម្មប្រគល់-ទទួលជែលលាងដៃជាជំហានទី១​ ជូនសាខាកាកបាទក្រហមកម្ពុជា​ រាជធានី-ខេត្តចំនួន​១៧​ …!!

ចែករំលែក៖

ភ្នំពេញ : កាកបាទក្រហមកម្ពុជា​ ដែលមាន​ ហ្លួងម៉ែ​ នរោត្តម​ មុនិនាថ​ សីហនុ​ ជាព្រះប្រធានកិត្តិយស​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ នៅថ្ងៃទី​ ២០​ ខែធ្នូ​ ឆ្នាំ២០២១នេះ​ បានបិទបញ្ចប់បេសកកម្មប្រគល់-ទទួលជែលលាងដៃជាជំហានទី១​ ជូនសាខាកាកបាទក្រហមកម្ពុជា​ រាជធានី-ខេត្តចំនួន​១៧​ បន្ទាប់ពីទទួលបានពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក​ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប)​ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ពិធីប្រគល់-ទទួលជែលជូន​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង​ (ខេត្តទី១៦)​ បានប្រព្រឹត្តទៅក្រោមវត្តមាន​ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា​ ននិងលោកស្រី មិថុនា​ ភូថង​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។

ថ្លែងក្នុងឱកាសនោះ​ លោកស្រី អគ្គលេខាធិការរងទី១​ បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែល​កាកបាទក្រហមកម្ពុជា​ បានបិទបញ្ចប់បេសកកម្មប្រគល់ជែលជូនបណ្តាសាខា​ទាំង១៧​ ជាជំហានទី១ ក្នុងនោះខេត្តកោះកុងជាខេត្តទី១៦​ និងខេត្តប៉ៃលិនជាខេត្តទី១៧​ ហេីយស្របពេលដែល​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសបិទបញ្ចប់ទាំងស្រុងនូវ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»​ បន្ទាប់ពីកម្ពុជាយេីងបានប្រឹងប្រែងប្រយុទ្ធយ៉ាងខ្លាំងក្លាអស់រយៈពេល ១០ខែកន្លងមក​។

ទន្ទឹមនឹងនេះ​ លោកស្រី បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ថ្លែងអំណរគុណ​ និងកោតសរសេីរចំពោះជួរគណៈអភិបាល​ កងកម្លាំងមានសមត្ថកិច្ច​ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​នៃខេត្តកោះកុង ក៏ដូចជាគណៈកិត្តិយស​ គណៈកម្មាធិការ​ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង​ ជាពិសេសក្រុមគ្រូពេទ្យជួរមុខ​ទាំងអស់​ ដែលបានលះបង់យ៉ាងធំធេង​ ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ និងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិយេីងក្រោមម្លប់នៃសន្តិភាព។

ជាមួយគ្នានេះ​ លោកស្រី បានលេីកឡេីងថា «​អនុវត្តតាមអនុសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានចាត់ចែងឱ្យមន្ត្រីទីស្នាក់ការកណ្តាលចុះប្រគល់ជែលទាំងអស់ជូនដល់​ សាខា-អនុសាខាកាកបាទក្រហមកម្ពុជា​ និងមន្ទីរពេទ្យបង្អែក​ នៅទូទាំង២៥​រាជធានី-ខេត្ត​ ដែលជាប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ-១៩​ គឺដេីម្បីលេីកកម្ពស់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល​ ដោយផ្តោតលេីការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត​ ក្រុង​ ស្រុក​ នៅទូទាំងប្រទេស​ ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន»។​​ លោកស្រី បានបញ្ជាក់ផងដែរថា​ ៖​ កម្ពុជាយើងបានឆ្លងកាត់ការលំបាកនៃជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ យើងបានឈានដល់ការអនុវត្តនូវយុទ្ធសាស្ត្រស្តីពី «ការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩» និង «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» ដែលតម្រូវឱ្យមានការចូលរួមជាសំខាន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋយើងក្នុងការអនុវត្តយុទ្ធសាស្ត្រខាងលើនេះ ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍ រីកចម្រើន និងរក្សាបាននូវស្ថិរភាព សុខសន្តិភាព តាមគន្លងប្រក្រតីភាពថ្មី។​

ក្នុងឱកាសនោះដែរ លោកស្រី មិថុនា​ ភូថង​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព​ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ​ ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ប្រតិបត្តិករជួរមុខយកទៅប្រេីប្រាស់ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង​ ទទួលបានជែលលាងដៃចំនួន​ ៦០០កេស​ (ស្មេីនឹង​ ១២.០០០ដប)​ ក្នុងនោះប្រគល់ជូនសាខាចំនួន​ ២០៥កេស,​ ជូនមន្ទីរពេទ្យខេត្តកោះកុងចំនួន​ ២០កេស,​ ជូនអនុសាខា​កាកបាទក្រហមកម្ពុជា​ ក្រុង-ស្រុកទាំង៧​ ចំនួន​ ៣៥០កេស​ និងជូនសាលារៀននានាក្នុងទីរួមខេត្តកោះកុងចំនួន​ ២៥កេស។ ដោយឡែក​ កម្មវិធីប្រគល់-ទទួលជែលចំនួន​ ៧៤២កេស​ (ស្មេីនឹង​ ១១.៨៧២ដប)​ ជូនសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តប៉ៃលិន​ ដែលជាខេត្តទី១៧នោះ​ បបានប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី ហួន​ ច័ន្ទបូរ៉ា​ នាយិកា​នាយកដ្ឋានទំនាក់ទំនង​ កាកបាទក្រហមកម្ពុជា​ និងលោកជំទាវ​ ពៅ​ សុខ​ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តប៉ៃលិន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print