ខេត្តបន្ទាយមានជ័យ៖ អគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ប្រទេសថៃ នៅព្រឹកថ្ងៃចន្ទទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានជំរុញឱ្យភាគីថៃស៊ើបអង្កេតស្វែងរកចាប់ខ្លួនជនដៃដល់និងសមគំនិតមកផ្ទន្ទាទោសតាមច្បាប់ បន្ទាប់ពីពលករខ្មែរម្នាក់ ត្រូវថៅកែជនជាតិថៃ បានប្រើហិង្សាវាយដំបណ្តាលឱ្យរងរបួសបាក់ឆ្អឹងថ្គាមនិង ឆ្អឹងជំនី ជាច្រើន ហើយត្រូវបានពលករខ្មែរដូចគ្នាបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមួយនៅខេត្តច័ន្ទបូរី ប្រទេសថៃ។ ខណៈរហូតមកដល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចថៃ ក៏កំពុងស្រាវជ្រាវរកជនដៃដល់ តែមិនទាន់ចាប់ខ្លួននៅឡើយ។
បេីតាមការបញ្ជាក់ពីពលករខ្មែរម្នាក់ដែលធ្វើការជាមួយជនរងគ្រោះ ឈ្មោះ យីង បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថង ចិន អាយុ ៣៣ឆ្នាំ មានស្រុកកំណើតនៅខេត្ត បាត់ដំបង ត្រូវថៅកែជនជាតិថៃ បានប្រើហិង្សាវាយដំបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅស្រុកមឿង នៃខេត្តច័ន្ទបូរី ដោយសភាពរបួសមិនទាន់ធូរស្រាលនៅឡើយ។
បើតាមសម្តីជនរងគ្រោះ បានឱ្យដឹងដែរថា ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ថ្មីៗនេះ ខណៈថៅកែជនជាតិថៃ ដែលនៅជាប់កន្លែងខ្លួនធ្វើការនៅឃុំសាតថន (Saton) ស្រុកសយដាវ (Soi Dao) ខេត្តច័ន្ទបូរី (Chanburi) បាននាំកម្មករខ្មែរបីនាក់ ដោយយកដងរែកឈើ ឫស្សី ព្រួតវាយរូបគេបណ្ដាលឱ្យរងរបួសបាក់ឆ្អឹងថ្គាម និងប្រេះ ឆ្អឹងជំនីជាច្រើនកន្លែង ដោយសារតែរូបគេទៅហាមឃាត់កម្មករមួយក្រុមទៀតនៅក្បែរនោះកុំឱ្យឈ្លោះគ្នា។
ដោយឡែកបើតាមសាក្សីនៅកន្លែងកើតហេតុ ក៏បាននិយាយថា៖ អំពើហិង្សានេះកើតឡើងដោយសារថៅកែថៃ មានឈ្មោះ ឆប(Chob) ដែលបង្កហេតុនោះ មានទំនាក់ទំនងស្នេហា ជាមួយពលករិនីខ្មែរម្នាក់ នៅក្នុងក្រុមជាមួយដែលបេះផ្លែមៀន ឱ្យជនជាតិថៃម្ខាងទៀតនៅក្បែរនោះ៕ដោយ៖សហការី