ភ្នំពេញ៖ បើកយោងតាមផេក ( Cambodia ) CAMSOC ជាមួយពាក្យស្លោក#យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានបង្ហាញមោទនភាព និងសប្បាយចិត្តជាខ្លាំង ក្រោយដណ្ដើមបានជើងឯកក្នុងការប្រកួតកីឡាម៉ូតូទឹក ពានរង្វាន់អន្ដរជាតិកម្រិតអាស៊ី Jet Ski Pro Tour 2021 នៅប្រទេសថៃ លើវិញ្ញាសា Pro Am Ski Modified។
សាលី អ៊ូមើត បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បែងចែកការប្រកួតជា ៤ជុំ ដោយចាប់ផ្ដើមប្រកួតតាំងពីចុងខែតុលា ហើយបញ្ចប់ការប្រកួតជុំទី៤ កាលពីថ្ងៃទី១៨-១៩ ខែធ្នូនេះ។ ក្នុងការប្រកួតជុំនីមួយៗ អ៊ូមើត ធ្វើបានយ៉ាងល្អ ដោយគ្រងចំណាត់ថ្នាក់លេខ១ ចំនួន៣ជុំ លើកលែងតែជុំទី២ ដោយសារម៉ូតូទឹកខូច ធ្វើឲ្យកីឡាករឆ្នើមកម្ពុជារូបនេះ ទទួលបានត្រឹមលេខ៤។
ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ រូបនេះ បន្ដថា «ក្រោយបញ្ចប់ការប្រកួតទាំង៤ជុំ សរុបពិន្ទុ ខ្ញុំបានច្រើនជាងគេ និងទទួលបានចំណាត់ថ្នាក់លេខ១។ ខ្ញុំពិតជាមានមោទភាព និងសប្បាយរីករាយជាខ្លាំង ដែលខ្ញុំបានក្លាយជាជើងឯកពានរង្វាន់កម្រិតអាស៊ីនេះ ពិសេសបានកសាងកេរ្ដិ៍ឈ្មោះ និងកិត្តិយសជូនជាតិ ហើយខ្ញុំនឹងបន្ដការខិតខំបន្ថែមទៀត ដើម្បីត្រៀមការប្រកួតអន្ដរជាតិផ្សេងៗនាពេលខាងមុខ»។
ព្រឹត្តិការណ៍នេះ មានកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ៥រូប ចូលរួម និងប្រកួត ៣វិញ្ញាសាផ្សេងគ្នា ក្នុងនោះកីឡាករ ម៉ីន មូស្ដាន ដែលប្រកួតវិញ្ញាសា Pro Am Ski Modified ជាមួយរាមច្បង សាលី អ៊ូមើត ទទួលបានចំណាត់ថ្នាក់លេខ៣។ រីឯ ៣នាក់ទៀត រួមមានកីឡាករ កៃ វ៉ាន់ស៊ីដែន និង សាលី ហ្វីលីន ទទួលបានលេខ៥ ដូចគ្នា លើវិញ្ញាសាស្គីឈរ និងស្គីអង្គុយ ខណៈកីឡាករ មីន អូស្មាន ទទួលបានលេខ៦។
សាលី អ៊ូមើត បានបន្ថែមថា ក្រោយបញ្ចប់ព្រឹត្តិការណ៍នេះ កីឡាករកម្ពុជាទាំង៥រូប នឹងមានបេសកកម្មដ៏សំខាន់មួយទៀត គឺការប្រកួតកម្រិតពិភពលោក Jet Ski World Series 2021-2022 ជុំទី៣ នៅប្រទេសថៃ នាពាក់កណ្ដាលខែមករាខាងមុខ ដែលមានកីឡាករប្រមាណ ៦០ប្រទេសចូលរួម។ សម្រាប់ការប្រកួត២ជុំដំបូង នៅប្រទេសប៉ូឡូញ និងអាមេរិក កីឡាករកម្ពុជា ពុំបានចូលរួមនោះទេ ដោយសារបញ្ហាស្នើសុំទិដ្ឋាការយឺតយ៉ាវ។ តែយ៉ាងណា ពួកគេនឹងចូលរួមការប្រកួតជុំទី៣នេះ ដើម្បីពង្រឹងសមត្ថភាពត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕
ដោយ : សិលា