ភ្នំពេញ៖ ទីបំផុតយោងតាមចម្លើយមេខ្លោង សុខ សុវណ្ណវឌ្ឍនា សាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពប្រាប់មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារទី២១ ខែធ្នូ ឆ្នាំ២០២១នេះថា៖ ខ្លួនគឺជាអ្នកដឹកនាំទៅប្លន់ផ្ទាល់ និងបញ្ជាផ្ទាល់ពីក្នុងរថយន្តឱ្យប្លន់ឧកញ៉ា អ៊ាន សៀវមុី គឺធុញ ស្អប់ ជ្រេញ អ្នកអួតទ្រព្យសម្បត្តិតាមបណ្តាញសង្គម ជាពិសេសគឺអ្នកលក់ឡេនេះ…ដែលចូលចិត្តអួតពីមាស ពេជ្រ ដុល្លារ…ដូចផ្គើន…ហើយនេះជាសារមួយដល់អ្នកដែលចូលចិត្តបង្អួត បង្ហាញ តាមបណ្តាញសង្គមផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃអង្គារនេះដែរ ក៏បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់ថា៖ ខ្ញុំបាទ សូមជម្រាបជូនអ្នកសារព័ត៌មានជ្រាបថា នាវេលាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញប្រតិបត្តិការបង្ក្រាប និងមានការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងករណីប្លន់មួយចំនួនពិតមែន។
ដោយសារការស៊ើបអង្កេតកំពុងបន្តនីតិវិធី ខ្ញុំបាទសូមជម្រាបបញ្ជាក់បានត្រឹមប៉ុណ្ណេះ ពីព្រោះនេះជាការសម្ងាត់វិជ្ជាជីវៈ ដែលត្រូវតែគោរព។ សូមអរគុណ!
សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម) ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនមនុស្សពាក់ព័ន្ធ ចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។ ក្នុងការឃាត់ខ្លួនមនុស្សទាំងអស់ ក្នុងនោះក៏មានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ផងដែរ។
ដោយឡែកជុំវិញករណីនេះដែរ បេីតាមការបញ្ជាក់ពីផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ ,លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានស្រាវជ្រាវ និងដេញឃាត់បានរថយន្តដែលជនសង្ស័យបានប្រេីប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីញូវថោន ខណ្ឌពោធិ៍សែនជ័យ។
ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបេីកទ្វារលោតគេចខ្លួនចូលក្នុងគុម្ពោតព្រៃ ពេលនេះសមត្ថកិច្ចកំពុងធ្វេីការឡោមព័ទ្ធទីតាំងនោះ ដេីម្បីបន្តរុករកជនសង្ស័យ ដែលរត់គេចខ្លួន។ ដោយពិនិត្យឃេីញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វេីការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបេីករថយន្តទៅកន្លែងស្ងាត់ដេីម្បីដុតកម្ទេចចោលបំផ្លាញភស្តុតាង។
គួរជម្រាបថា ជុំវិញករណីខាងលេីនេះដែរ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងទៅនឹងការបិទបញ្ចប់ការសាកសួរជនរងគ្រោះ អំពីការបាត់បង់ទ្រព្យសម្បត្តិជាក់ស្តែង លេីករណីជនសង្ស័យមួយក្រុមដែលបានចូលប្លន់ដល់ក្នុងផ្ទះជនរងគ្រោះ នៅបុរីញូវថោន កាលពីវេលាម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ ដោយជនរងគ្រោះបានអះអាងថា ទ្រព្យសម្បត្តិសរុបដែលជនសង្ស័យយកទៅមានតម្លៃប្រហែល៩លានដុល្លារ (ប្រាំបួនលានដុល្លារ) ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវវត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ។
ភ្លាមៗបន្ទាប់ពីកេីតហេតុ កម្លាំងចម្រុះនៃការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងចម្រុះនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះដល់កន្លែងកេីតហេតុដេីម្បីធ្វេីកំណត់ហេតុស្រាវជ្រាវចំពោះករណីប្លន់នេះ ។
ជំហានដំបូងសមត្ថកិច្ចជំនាញបានធ្វេីការសាកសួរជនរងគ្រោះលេីករណីនេះ ជាពិសេសចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបន្ទាប់ពីកេីតហេតុភ្លាមៗ ជនរងគ្រោះនៅមានអារម្មណ៍តក់ស្លុត ភ័យខ្លាច និងមិនទាន់បានពិនិត្យឱ្យបានច្បាស់លាស់អំពីការបាត់បង់ទាំងនេះ ទេីបរហូតមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះបានធ្វេីការសាកសួរបញ្ចប់ជាមួយជនរងគ្រោះលេីការបាត់បង់សរុបនេះ ។
បន្ទាប់ពីជនរងគ្រោះសម្រួលអារម្មណ៍ បាត់ភ័យខ្លាច និងបានត្រួតពិនិត្យច្បាស់លាស់អំពីទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបានបញ្ជាក់តម្លៃជាមួយហាងលក់ពេជ្រដែលគាត់តែងតែទិញយកមកប្រេីប្រាស់ តាមចម្លេីយរបស់ជនរងគ្រោះសម្ភារៈដែលបានបាត់បង់រួមមានខ្សែកពេជ្រធំ ចំនួន៣ខ្សែ និងគ្រឿងអលង្ការ (ពេជ្រ) មួយចំនួនទៀត យោងទៅលើវិក្កយបត្រ ទិញ-លក់ គិតជាទឹកប្រាក់សរុបប្រហែលជា ១.៦ ទៅ ១.៩ លានដុល្លាអាមេរិច និងទូរស័ព្ទដៃម៉ាក I phone ចំនួន ២គ្រឿងផងដែរ៕ដោយ៖ស តារា