ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានចំណាយជាង ៣០លានដុល្លារអាមេរិក សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋរបស់ខ្លួន ក្នុងវិបត្តិកូវីដ១៩ (កម្មវិធីជំនួយសង្គមឧបត្ថម្ភគ្រួសារក្រីក្ររងផលប៉ះពាល់ដោយសារកូវីដ) ដោយក្នុងនោះមិនទាន់គិតចំពោះការចំណាយអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា វត្តមានសម្តេចទៅមីយ៉ាន់ម៉ា នាពេលខាងមុខ គឺដើម្បីសុខុដុមនីយកម្មអាស៊ាន ពីអាស៊ាន១០ឲ្យនៅចំនួន១០ដដែល។ សម្តេចតេជោបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើអោយអាស៊ានពី៩ មកគ្រប់ចំនួន១០វិញ។
សម្តេចបន្តរម្លឹកថា, មិនអនុញ្ញាតអោយនាំរថយន្តចង្កូតស្តាំចូលដាច់ខាត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងមិនអនុញ្ញាតឲ្យមានឡាន នៅលើដងផ្លូវដោយមិនបានបង់ពន្ធនោះទេ ព្រោះម្តងហើយម្តងទៀត ភាពច្រំដែលរបស់យើងនៅតែបន្ត។ ឡានចង្កួតស្តាំ ឡានអត់ពន្ធជ្រកក្រោមនេះ ជ្រកក្រោមនោះ មិនអនុញ្ញាតឲ្យមានទេ ហើយអស់លោកគយត្រូវធ្វើការងារនេះ»។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួនជិត៣០០០គ្រឿងហើយ បាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) ដែលមានទឹកប្រាក់ពន្ធចំនួនជាង២៨លានដុល្លារអាមេរិក។
នៅរយៈពេលចុងក្រោយនៃឱសានវាទអនុគ្រោះបង់ពន្ធនេះ មានរថយន្តអត់ពន្ធទាំងឆ្វេង ទាំងស្តាំ បានសម្រុកនាំយករថយន្តរបស់ខ្លួន មកបង់ពន្ធយ៉ាងច្រើន។
តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ មានប្រមាណជិតមួយម៉ឺនគ្រឿង។
រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗគ្មានពន្ធ អាចចូលមកបំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០%។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសជាសាធារណៈពីការសម្រេចពន្យារការចូលនិវត្តន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ៕