ឥណ្ឌា៖ គណៈកម្មការត្រួតពិនិត្យ គុណភាពនិងប្រសិទ្ធភាពថ្នាំព្យាបាលនៅឥណ្ឌា បានស្នើផ្តល់លិខិតអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវថ្នាំព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Merck និងវ៉ាក់សាំងពីរប្រភេទទៀត គឺ Covovax របស់វិទ្យាស្ថាន Serum Institute of India និងវ៉ាក់សាំង Corbevax របស់ក្រុមហ៊ុនឥណ្ឌា និង Biological E ត្រូវបានអនុម័តឱ្យប្រើប្រាស់សម្រាប់លក្ខខណ្ឌបន្ទាន់ហើយ នៅក្នុងប្រទេសឥណ្ឌា។ លោក Mansukh Mandaviya រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌា បាននិយាយថា ថ្នាំម៉ូលនូភីរ៉ាវៀ នឹងត្រូវផលិតឡើងនៅក្នុងប្រទេសឥណ្ឌា ដោយក្រុមហ៊ុនចំនួន១៣ សម្រាប់ការប្រើប្រាស់ក្រោមស្ថានភាពបន្ទាន់ ក្នុងការព្យាបាលមនុស្សពេញវ័យ ដែលឆ្លងជំងឺ COVID-19។ ពេលនេះឥណ្ឌាកំពុងតែខិតខំប្រឹងប្រែងត្រៀមលក្ខណៈទុកជាមុន ដើម្បីទប់ទល់នឹងលទ្ធភាពនៃការស្ទុះឡើងខ្លាំងនូវករណីឆ្លង COVID-19 ដែលបណ្តាលមកពីវីរុសបំប្លែងថ្មី អូមីក្រុង (Omicron)។ មកទល់ឥឡូវ ប្រជាជនឥណ្ឌាជិត៤២ភាគរយ ក្នុងចំណោមប្រជាជនសរុបទាំងជិត ១.៤ពាន់លាននាក់បានទទួលការចាកវ៉ាក់សាំងគ្រប់ដូស។ ឥណ្ឌាគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីជាវិធានការបង្ការឱ្យបុគ្គលិកសុខាភិបាល និងក្រុមអ្នកធ្វើការងារជួរមុខ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ហើយនឹងចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យ អ្នកដែលមានអាយុពី១៥-១៨ឆ្នាំ ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំដដែល៕ ដោយសាធី
រូបថត៖AFP/TTXVN.