ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា នៅថ្ងៃពុធទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បន្ទាប់ពីទទួលបានគោលការណ៍ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក បានចុះមកជាមួយលោកអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជួបប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ក្នុងមូលដ្ឋានភូមិចំនួន ៤ គឺ ភូមិគៀនឃ្លាំង ព្រែកលៀប ខ្ទរ និងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដើម្បីដោះស្រាយបញ្ហាមិនចុះសម្រុងគ្នា លើវិក្កយបត្រថ្លៃទឹក របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។
លោក នួន ផារ័ត្ន បានបន្តថា ជាលទ្ធផល បន្ទាប់ពីការសិក្សាស្វែងយល់អំពីបញ្ហាទាំងអស់គ្នា ភាគីទាំងអស់បានព្រមព្រៀងគ្នាលើដំណោះស្រាយរួមមួយ ដែលឈរលើមូលដ្ឋាន ឈ្នះ-ឈ្នះ ទាំងអស់គ្នា ហើយបងប្អូនប្រជាពលរដ្ឋ ក៏មានសេចក្តីរីករាយ ទៅលើការដោះស្រាយបញ្ហា ដែលបានអូសបន្លាយជាយូរមកហើយនេះ ។
បន្ថែមពីនេះ បងប្អូនប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាពិសេស លោកចៅសង្កាត់ព្រែកលៀប ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នាពេលកន្លងមក ផងដែរ ៕ដោយ៖ស តារា