ឥណ្ឌូនេសុី៖ ការិយាល័យប្រឆាំងភេរវកម្មឥណ្ឌូនេស៊ី BNPT បានប្រកាសថា នៅក្នុងឆ្នាំ២០២១នេះ កម្លាំងប៉ូលិសប្រឆាំងភេរកម្មជាតិ មានឈ្មោះថា Densus 88 បានចាប់ខ្លួនក្រុមភេរវកររហូតដល់ទៅ ៣៦៤នាក់ ។ ភេរវករពីរក្រុមដែលត្រូវកម្លាំងប៉ូលិស Densus 88 តាមបោសសម្អាតនោះគឺក្រុម Jamaah Islamiyah (JI) ជាបណ្តាញក្រុមភេរវកម្មល្បីឈ្មោះជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានទំនាក់ទំនងជាមួយក្រុមភេរវកម្មអាល់កៃដា និងក្រុមមួយផ្សេងទៀតគឺ Jamaah Ansharut Daulah (JAD) ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្មរដ្ឋអ៊ិស្លាម (IS)។ នៅក្នុងឆ្នាំ២០២១ ការិយាល័យប្រឆាំងភេរវកម្ម បានរកឃើញ១៧៨ករណីជាប់ពាក់ព័ន្ធក្រុម JI និង ១៥៤ករណីជាប់ពាក់ព័ន្ធជាមួយក្រុម JAD ។ ជាមួយគ្នានោះដែរ កម្លាំងប៉ូលិស Densus 88 ក៏បានធ្វើសកម្មភាពទៅលើបុគ្គល៣០រូបដែលជាប់ពាក់ព័ន្ធនឹងបណ្តាញវាយប្រហារភេរវកម្មនៅភាគខាងកើតឥណ្ឌូនេស៊ី ។ ចាប់តាំងពីឆ្នាំ២០០០មកឥណ្ឌូនេស៊ីបានក្លាយទៅជាគោលដៅវាយប្រហាររបស់ក្រុមភេរវកម្ម ។ ក្រុមភេរវករបានព្យាយាមបញ្ចូលមនោគមន៍វិជ្ជា អ៊ិស្លាមជ្រុលនិយម និងអំពើហិង្សា ជំរុញឲ្យភេរវករជាច្រើនវាយប្រហារគ្រាប់បែកអត្តឃាត ៕ ដោយសាធី
រូបថត៖Antara.