ស.រ.អា.៖ ក្នុងពេលដែលមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ក៏ដូចជាការឆ្លងរាលដាលវីរុសបំប្លែងថ្មីអូមីក្រុងនៅតែឆ្លងរាលដាលខ្លាំងនោះ ដែលតាមការគណនា រាល់ពេល៣វិនាទីមានពលរដ្ឋអាមេរិក៣នាក់ឆ្លងកូវីដ-១៩ ក៏ពលរដ្ឋនៅតែនាំគ្នាដើរកម្សាន្តដែរ។ មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងការឆ្លងរាលដាលជំងឺ (CDC)បានប្រកាសនៅថ្ងៃទី៣០ខែធ្នូ ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក អាមេរិករកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងរហូតដល់៤៨៦.០០០នាក់។ ក្នុងចំណោមករណីឆ្លងខាងលើ មាន១៥រដ្ឋឆ្លងច្រើនជាងគេ ក្នុងនោះមានរដ្ឋ Connecticut, Delaware, Florida, Georgia, Hawaii, Illinois, Maryland, Massachusetts, New Jersey, New York, Ohio, Pennsylvania, Rhode Island, Virginia and Washington ។ ក្រៅពីនេះទីក្រុង Purerto Rico និង ទីក្រុងវ៉ាស៊ីនតោនក៏មានករណីឆ្លងកើនឡើងខ្ពស់ផងដែរ។ ជាមួយគ្នានេះCDC អាមេរិកបានប្រកាសថា អាចនឹងមានពលរដ្ឋជាង ៤២ពាន់នាក់ស្លាប់ដោយកូវីដ-១៩ ក្នុងរយៈពេល៣សប្តាហ៍ខាងមុខ។ ចំពោះការគំរាមកំហែងដោយការឆ្លងរាលដាលកូវីដ-១៩ អូមីក្រុង ពលរដ្ឋអាមេរិកបានលុបគម្រោងទៅជួបជុំគ្រួសារក្នុងឱកាសចូលឆ្នាំសកល។ ប៉ុន្តែក៏មានពលរដ្ឋជាច្រើនសម្រេចបន្តដំណើរកម្សាន្តរបស់ខ្លួនក្នុងឱកាសនេះដែរ៕ ដោយសាធី
រូបថត៖Bloomberg.