ខេត្ដសៀមរាប៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិទៅកំសាន្ដនៅថ្ងៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដក្នុង ខេត្ដសៀមរាបនៅឆ្នាំ២០១៦នេះ មានចំនួន១លាន៣០ម៉ឺននាក់ កើនឡើងជាងឆ្នាំ២០១៥ប្រមាណ៣០%។
លោក សោម រតនា អ្នកនាំពាក្យព្រឹត្ដិការណ៍ក្នុងអង្គរសង្ក្រាន្ដ បានឲ្យដឹងកាលពីថ្ងៃទី១៧ខែមេសាថា ព្រឹត្ដិការអង្គរសង្ក្រាន្ដចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៦ មានភ្ញៀវទេសចរណ៍មកទស្សនាកម្មវិធីនេះ ចំនួន១លាន៣០ម៉ឺននាក់ កើនឡើង៣០%បើប្រៀបធៀបនឹងឆ្នាំ២០១៥កន្លងទៅ បើទោះបីមានផល់ប៉ះពាល់ពីអាសធាតុក្ដៅក៍ដោយ។ លោកបានបន្ដថា កំណើនភ្ញៀវទេសចរណ៍នេះ ដោយសារព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ មានការទទួលស្គាល់ពីសាធារណៈជនក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប គួបផ្សំ និងព្រឹត្ដិការនេះមានល្បែងកំសាន្ដច្រើនដែលធ្វើឲ្យភ្ញៀវទេសចរណ៍ទាំងខ្មែរនិងបរទេសចាប់អារម្មណ៍។ លោកបានបន្ថែមថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដនេះ ផ្ដល់ចំណូលសេដ្ឋកិច្ចដល់ពលរដ្ឋនៅក្នុងខេត្ដសៀមរាប លើសពី៦០លានដុល្លាដែលលោកថា ចាប់ពីការធ្វើអាជីវកម្មខ្នាតតូចដល់ខ្នាតធំ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដីលោក សោម រតនា មិនដឹងពីការចំណាយថវិកាប៉ុន្មាន ទៅលើការរៀបចំព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ដែលដឹកនាំដោយប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី អស់ចំនួនប៉ុន្មានទេ។
គួរបញ្ជាក់ថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដនៅឆ្នាំ២០១៥មានភ្ញៀវទេសចរណ៍ចំនួន៩៧៨ពាន់១០០នាក់ប៉ុន្ដែ កើនឡើងជាងព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដនៅឆ្នាំ២០១៤ ដែលលោកថានៅឆ្នាំនោះមានភ្ញៀវសរុប២៥៨ពាន់នាក់៕
ដោយ៖ ជានិរន្ដរ៍