ខេត្តកំពង់ឆ្នាំង៖ ផ្ទះ២ខ្នងដែលធ្វើពីឈើប្រក់ស្លឹក ដែលខំសន្សំលុយធ្វើទាំងលំបាកសម្រាប់ទ្រនំជ្រកនោះ ត្រូវបានកូនប្រសារចិត្តភ្លើងយកភ្លើងដុតកំទេចចោល ក្រោយពីដុតផ្ទះខ្លួនឯងឆេះអស់ ដោយសារតែខឹងនឹងប្រពន្ធរបស់ខ្លួនមិនមកលេងស្រុកក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួន បុរសដែលជាកូនប្រសារដុតផ្ទះម៉ែក្មេកនេះផងដែរ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ នៅភូមិក្បាលថ្នល់ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
កូនប្រសារដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ អ៊ុក ភន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ចំណែកម្តាយក្មេកមានឈ្មោះ ប៉ិក តុំ អាយុ៧១ឆ្នាំ ជាស្ត្រីមេម៉ាយ ។ ផ្ទះដែលដុតកំទេចចោលនោះ ១ខ្នងមានទំហំ ៣ គុណនិង៤ម៉ែត្រ ជារបស់ខ្លួនឯងផ្ទាល់ និង ១ខ្នងទៀតទំហំ៥គុណនិង៦ ជារបស់ម្តាយក្មេក ។
ស្ត្រីជាម្តាយក្មេកបានប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន មុនថ្ងៃចូលឆ្នាំខ្មែរ កូនប្រសាររបស់គាត់ឈ្មោះអ៊ុក ភន បានឈ្លោះគ្នាតាមទូរស័ព្ទជាមួយប្រពន្ធ ដែលជាកូនស្រីបង្កើតរបស់គាត់ ធ្វើការនៅខេត្តសៀមរាប ក្នុងពេលឈ្លោះគ្នានេះកូនប្រសារគាត់បានប្រាប់ឲ្យប្រពន្ធរបស់ខ្លួនឲ្យមកកផ្ទះពេលបុណ្យចូលឆ្នាំ ដែលឈ្លោះគ្នានេះទំនងជារឿងប្រច័ណ្ឌនឹងប្រពន្ធទៀតផង ។ រហូតមកដល់ថ្ងៃចូលឆ្នាំ មិនឃើញប្រពន្ធរបស់ខ្លួនមកក៏ធ្វើឲ្យកូនប្រសារកាន់តែខឹងខ្លាំងរហូតយកភ្លើងដុតផ្ទះខ្លួនឯងចោល ហើយក៏រាលដាលមកឆេះផ្ទះរបស់គាត់អស់រលីងតែម្តង ។
ក្រោយពេលកើតហេតុបុរសដែលជាកូនប្រសារត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ដោយ៖ ចន្ថា