សាលាដំបូងខេត្តកណ្ដាលចេញដីកាឃុំខ្លួននគរបាលនិងបក្ខពួក២នាក់ដាក់ពន្ធនាគារបន្ទាប់ពីផឹកស៊ីស្រវឹងយកកាំភ្លើងខ្លីបាញ់បោះសេរី២គ្រាប់

ចែករំលែក៖

ខេត្តកណ្តាល៖ នៅ​ល្ងាច​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២២ម្សិលមិញនេះ អ្នកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រមស៊ើបសួរសាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីកាឃុំខ្លួនជនសង្ស័យ​២នាក់ដាក់ពន្ធនាគារ ក្នុងនោះមានម្នាក់ជា​មន្ត្រីនគរបាល ក្រោយពី​ផឹកស៊ី​ស្រវឹងបានយក​កាំភ្លើង​បាញ់​បោះសេរីចំនួន២គ្រាប់ ដែល​ហេតុការណ៍​នេះបានកើត​ឡើងកាលពី​យប់ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ នៅ​ចំណុច​មុខស្ថានីយ​ប្រេង​របស់​ឈ្មោះ ម៉ាន់ ពិសី នៅ​ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។​
មន្ត្រីនគរបាលស្រុកល្វាឯមបាន​ឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមាន២នាក់ ទី១-ឈ្មោះ ផាន់ ហ៊ុយ​ហាក់ អាយុ២៦ឆ្នាំ មុខរបរជា​នគរបាល តែ​មិន​បញ្ជាក់​អង្គភាព​ណា​ឡើយ មាន​ទីលំនៅ​ផ្ទះ​លេខ​៨២ ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ម៉ៅ ជីវិន អាយុ ៣២ឆ្នាំ មុខរបរអាជីវករ មាន​ទីលំនៅ​ផ្ទះ​លេខ២៩ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​
ប្រភព​ដដែលបន្តថា​ ​តាម​ដំណើររឿង គឺជនសង្ស័យ​ទាំងពីរ​នាក់បានធ្វើ​ដំណើរ តាម​រថយន្ត​មួយគ្រឿង ម៉ាក Lexus RX400h ពាក់​ស្លាកលេខ ភ្នំពេញ 2AB-5368 ដោយមាន​ក្មេង​រួម​ដំណើរ ចំនួនពីរ​នាក់ មកពី​កម្មវិធី​ឆ្លង​ឆ្នាំនៅ​ចំណុច​ដី​ឡូ​ត៍ក្នុងភូមិ​ព្រែ​ករៃ ឃុំ​ព្រែ​ករៃ ស្រុក​ល្វាឯម ខេត្តកណ្ដាល ដោយ​ឈ្មោះ ផាន់ ហ៊ុយ​ហាក់ ជា​អ្នកបើកបរ ។ ពេលមកដល់​ចំណុចកើតហេតុ ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​ស្ថានី​យ​ប្រេងបានឃើញ​ជនសង្ស័យដែលជាអ្នកបើករថយន្តបាន បាញ់កាំភ្លើងចំនួនពីរ​គ្រាប់ឡើងលើ​មេឃ ហើយ​លោកក៏បាន​ទូរស័ព្ទរាយការណ៍​មក​សមត្ថកិច្ច ។​
​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​នៃ​អធិការដ្ឋាននគរបាល​ស្រុក​ល្វាឯម បានដាក់​កម្លាំង​គ្រប់បណ្ដា​ប៉ុស្តិ៍​តាម​ដងផ្លូវដើម្បី​ឃាត់​រថយន្តមួយគ្រឿង​របស់ជនសង្ស័យ​នេះ ។ ពេល​រថយន្ត ជនសង្ស័យមកដល់​ចំណុច​ជិត​ស្ពាន​ព្រែក​ដូន​កឹម បានឃើញ​រថយន្ត​ស៊ី​រ៉ែ​នរបស់​សមត្ថកិច្ច ក៏​បត់​រថយន្តត្រឡប់ក្រោយ​វិញ ដើម្បីបើក​គេច ទើប​សមត្ថកិច្ចបាន​បើករថយន្ដ​ដេញតាមរហូតមកដល់​ចំណុចផ្លូវ​បេតុង ក្នុងភូមិ​ពាម​តា​ឯក ដល់​ផ្លូវ​ទាល់ ទើប​រថយន្ត​ជនសង្ស័យមិនអាច​បន្តទៅ​មុខ​រួចក៏​ឈប់​នៅ​ទីនោះ ។ សមត្ថកិច្ច បាន​ត្រួតពិនិត្យ​ក្នុង​រថយន្តពុំ​ឃើញ​អាវុធ​ឡើយ ហើយ​បាន​នាំ​ជនសង្ស័យមក​សាកសួរ ។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ម៉ៅ ជីវិន បាន​សារភាពថា គេ​ពិតជាបាន​បាញ់ (​កាំភ្លើងខ្លី​) ចំនួនពីរ​គ្រាប់ឡើង​ទៅលើចេញពី​ក្នុង​ឡានដែលកំពុងបើក​នៅចំណុចមុខ​ស្ថានីយប្រេង ដោយ​អាវុធខ្លី​នេះ ជា​អាវុធ​របស់​ខ្លួនគេ​ផ្ទាល់ ដែល​បានទិញពី​មនុស្ស​ម្នាក់មិន​ស្គាល់ឈ្មោះ ហើយ​រថយន្ត​របស់គេបាន​បើក​សំដៅទៅ​កំពង់ចម្លង​អរិយ​ក្សត្រ ។​ ​បញ្ហា​នេះ កាលពី​ល្ងាច​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២២ អ្នកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីកាឃុំខ្លួនជនសង្ស័យ​ទាំងពីរ​នាក់ដាក់ពន្ធនាគាររួចហើយពីបទ «​កាន់កាប់​អាវុធដោយ​គ្មាន​ការអនុញ្ញាត និងប្រើប្រាស់​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត​» តាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ និង មាត្រា ២០ នៃ​ច្បាប់​ស្តីពី ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង គ្រាប់រំសេវ ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print