ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ អ្នកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យ២នាក់ដាក់ពន្ធនាគារ ក្នុងនោះមានម្នាក់ជាមន្ត្រីនគរបាល ក្រោយពីផឹកស៊ីស្រវឹងបានយកកាំភ្លើងបាញ់បោះសេរីចំនួន២គ្រាប់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ចំថ្ងៃឆ្លងឆ្នាំ នៅចំណុចមុខស្ថានីយប្រេងរបស់ឈ្មោះ ម៉ាន់ ពិសី នៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមាន២នាក់ ទី១-ឈ្មោះ ផាន់ ហ៊ុយហាក់ អាយុ២៦ឆ្នាំ មុខរបរជានគរបាល តែមិនបញ្ជាក់អង្គភាពណាឡើយ មានទីលំនៅផ្ទះលេខ៨២ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ម៉ៅ ជីវិន អាយុ ៣២ឆ្នាំ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ២៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពដដែលបន្តថា តាមដំណើររឿង គឺជនសង្ស័យទាំងពីរនាក់បានធ្វើដំណើរ តាមរថយន្តមួយគ្រឿង ម៉ាក Lexus RX400h ពាក់ស្លាកលេខ ភ្នំពេញ 2AB-5368 ដោយមានក្មេងរួមដំណើរ ចំនួនពីរនាក់ មកពីកម្មវិធីឆ្លងឆ្នាំនៅចំណុចដីឡូត៍ក្នុងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយឈ្មោះ ផាន់ ហ៊ុយហាក់ ជាអ្នកបើកបរ ។ ពេលមកដល់ចំណុចកើតហេតុ ប្រជាពលរដ្ឋ ដែលជាម្ចាស់ស្ថានីយប្រេងបានឃើញជនសង្ស័យដែលជាអ្នកបើករថយន្តបាន បាញ់កាំភ្លើងចំនួនពីរគ្រាប់ឡើងលើមេឃ ហើយលោកក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ច ។
ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានដាក់កម្លាំងគ្រប់បណ្ដាប៉ុស្តិ៍តាមដងផ្លូវដើម្បីឃាត់រថយន្តមួយគ្រឿងរបស់ជនសង្ស័យនេះ ។ ពេលរថយន្ត ជនសង្ស័យមកដល់ចំណុចជិតស្ពានព្រែកដូនកឹម បានឃើញរថយន្តស៊ីរ៉ែនរបស់សមត្ថកិច្ច ក៏បត់រថយន្តត្រឡប់ក្រោយវិញ ដើម្បីបើកគេច ទើបសមត្ថកិច្ចបានបើករថយន្ដដេញតាមរហូតមកដល់ចំណុចផ្លូវបេតុង ក្នុងភូមិពាមតាឯក ដល់ផ្លូវទាល់ ទើបរថយន្តជនសង្ស័យមិនអាចបន្តទៅមុខរួចក៏ឈប់នៅទីនោះ ។ សមត្ថកិច្ច បានត្រួតពិនិត្យក្នុងរថយន្តពុំឃើញអាវុធឡើយ ហើយបាននាំជនសង្ស័យមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ម៉ៅ ជីវិន បានសារភាពថា គេពិតជាបានបាញ់ (កាំភ្លើងខ្លី) ចំនួនពីរគ្រាប់ឡើងទៅលើចេញពីក្នុងឡានដែលកំពុងបើកនៅចំណុចមុខស្ថានីយប្រេង ដោយអាវុធខ្លីនេះ ជាអាវុធរបស់ខ្លួនគេផ្ទាល់ ដែលបានទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ ហើយរថយន្តរបស់គេបានបើកសំដៅទៅកំពង់ចម្លងអរិយក្សត្រ ។ បញ្ហានេះ កាលពីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២២ អ្នកស្រី ពេជ ម៉ារ៉ែន ចៅក្រម ស៊ើបសួរ សាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យទាំងពីរនាក់ដាក់ពន្ធនាគាររួចហើយពីបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត» តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង គ្រាប់រំសេវ ៕
ដោយ៖ ស្អាងជ័យ