ខេតកណ្ដាល៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ដើរក្បែមាត់ព្រែករអិលជើងធ្លាក់ចូលទៅក្នុងទឹកលង់ស្លាប់យ៉ាងអណោចអធ័ម ខណៈដែលមិនមានអ្នកជួយសង្គ្រោះទាន់ពេលវេលា ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចព្រែកខាងមុខផ្ទះក្មេងរងគ្រោះ ស្ថិតក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា កុមារ៉ារងគ្រោះឈ្មោះ អាន យ៉ាដូណា អាយុ១២ឆ្នាំ មានឪពុកឈ្មោះ ចៅ វណ្ណៈ អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ដ ម្ដាយឈ្មោះ សុខ ចរិយា អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កុមារ៉ារងគ្រោះនិងប្អូនស្រីអាយុ៧ឆ្នាំបានយកសត្វឆ្កែរបស់ខ្លួនទៅងូតទឹកនៅក្នុងទឹកព្រែក ខណៈកំពុងដើរក្បែមាត់ព្រែកក៏រអិលជើងធ្លាក់ចូលទៅក្នុងទឹកលង់លិចបាត់ខ្លួន ។ គ្រានោះប្អូនស្រីកុមារ៉ារងគ្រោះបានរត់ទៅប្រាប់ឪពុកម្ដាយបង្កឲ្យមានការភ្ញាក់ផ្អើលដឹងដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាមុជទឹករាវរករហូតប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះស្រង់ឡើងមកលើគោក ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ