ខេត្តបន្ទាយមានជ័យ៖ ស្ទឹងស្វាយចេក ដែលមានស្ថានភាពគោករាក់ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ផ្តើមស្តារ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៦ ។ ការស្តារនេះ គឺក្នុងគោលបំណង ត្រៀមដោះជំនន់ទឹកភ្លៀង ដែលអាចកើតមាននាពេលខាងមុខ និងដើម្បីរក្សាទឹកទុក សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ។
សូមបញ្ជាក់ថា ស្ទឹងស្វាយចេក គឺជាផ្នែកមួយនៃគម្រោងកាត់បន្ថយគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ដែលក្រសួងធនធានទឹក និងឧតុនិយម បានលើកសំណើទៅសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ ២០១១ មកម្ល៉េះ ហើយបច្ចុប្បន្ន ភាគីកូរ៉េ កំពុងបន្តនីតិវិធីលើការងារនេះ និងអាចឈានទៅអនុវត្តគម្រោងនាឆ្នាំខាងមុខ។
ប៉ុន្តែ ដើម្បីជាការត្រៀមលក្ខណៈ និងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យក្រុមការងារ ស្តារស្ទឹងនេះជាបន្ទាន់ ។ ទន្ទឹមនឹងការស្តារស្ទឹងស្វាយចេក បណ្តាអាងទឹកមួយចំនួនទៀត នៅក្នុងស្រុកស្វាយចេក ក៏នឹងត្រូវស្តារជាបន្តបន្ទាប់ផងដែរ ក្នុងគោលបំណងបង្កើនការស្តុកទឹកទុកជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ៕
ដោយ៖ សុវណ្ណារ៉ា