តំបន់ព្រៃឡង់ នឹងក្លាយជាតំបន់អភិរក្ស លើផ្ទៃដីប្រមាណ ៣០ម៉ឺនហិចតា

ចែករំលែក៖

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៨ ខែមេសានេះ មាន ប្រសាសន៍ថា នឹងដាក់តំបន់ព្រៃឡង់ ជាតំបន់អភិរក្សដែលមានទំហំដីប្រហែល ៣០ម៉ឺនហិចតា។ ហើយនៅ ប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ នូវអ្វីដែលរដ្ឋបាលព្រៃឈើ បានធ្វើកន្លងមកជាមួយដៃគូពាក់ព័ន្ធ ព្រមជាមួយនឹងសហគមន៍ព្រៃឡង់ទាំងអស់ ដើម្បីកំណត់យកទំហំ ចុងក្រោយ។

លោកមានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័តមាននៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភោគីត្រា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចពិនិត្យព្រៃឡង់ តាមរយៈឩបត្ថម្ភាគចក្រជាលើកដំបូង ជាមួយលោក William A. Heidt ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំកម្ពុជា លោករដ្ឋមន្រ្តីសាយ សំអាល់ បានបញ្ជាក់ទៀតថា ជាមួយនឹងការដាក់តំបន់ព្រៃឡង់ ជាតំបន់អភិរក្ស លោកនឹង ធ្វើការងារនេះក្នុងទ្រង់ទ្រាយមួយធំប្រាកដប្រជា ហើយនេះក៏ជាក្តីសង្ឃឹមមួយថាសហគមន៍អន្តរជាតិអាចនឹងជួយកម្ពុជាផ្នែកខាងហិរញ្ញវត្ថុដែលជាទស្សនទានថា ថែរក្សាព្រៃឈើដើម្បីបានថវិកាយកមកបណ្តុះបណ្តាលធនធាន សង្គមកិច្ច រឺវិស័យសុខាភិបាល។ ស្របគ្នានេះដែរ លោកសង្ឃឹមថា សង្គមស៊ីវិល និងប្រទេសដៃគូអភិវឌ្ឍន៍ ត្រូវយកចំណុចខាងលើនេះមកគិតគូរពិចារណា ខណៈដែលឥឡូវនេះ យើងបានឈានទៅដល់ការយកដាក់តំបន់ព្រៃឡង់ ជាតំបន់អភិរក្ស។

លោក ឯកអគ្គរដ្ឋទូត William A. Heidt បានលើកឡើងថា ទាក់ទងនឹងព្រៃឡង់នៅក្នុងប្រទេសកម្ពុជា ស្ថានទូតអាមេរិកបានធ្វើកិច្ចការនេះអស់រយៈកាលយូរហើយដែរ ដោយយើងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិល ប្រជាជនក្នុងសហគមន៍ ហើយនៅពេលនេះយើងនឹងបន្តធ្វើកិច្ចការ ដែលយើងបានធ្វើស្រាប់បន្តទៅទៀតផងដែរ។ ឯកអគ្គរដ្ឋទូតរូបនេះ បានបញ្ជាក់បន្ថែមថា បញ្ហានេះគឺមានសារៈសំខាន់ណាស់ អាស្រ័យហេតុនេះទើបយើងជិះតាមឧត្ថម្ភាគចក្រដើម្បីពិនិត្យមើ់លបន្ថែមទៀត។

បើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញថា គោលបំណងនៃ ដំណើរតាមឧទ្ថម្ភាគចក្រនៅព្រឹកថ្ងៃនេះ គឺដើម្បីលើកកំពស់ ការយល់ដឹងលើការបំផ្លាញព្រៃឈើ និងបង្កើន ការគាំទ្ររបស់រដ្ឋាភិបាលក្នុងការការពារព្រៃឈើ។ ការមកជួបគ្នានៃផ្នែកក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ហើយនិងក្រសួងមហាផ្ទៃ ជួយបង្ហាញឲ្យឃើញការគាំទ្រ និងកិច្ចសហប្រតិបតិ្តការ អន្តរក្រសួងក្នុងការការពារព្រៃឡង់។

សូមជម្រាបផងដែរថា ព្រៃឡង់កម្ពុជាមានទីតាំងស្ថិតនៅភាគខាងលិច នៃទន្លេមេគង្គ ចំភាគកណ្ដាលនៃប្រទេស ហើយលាតសន្ធឹងលើផ្ទៃដីខេត្ដ៤ រួមមានខេត្តក្រចេះ, កំពង់ធំ, ស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលមានប្រជាសហគមន៍ជាង ២សែន ៥ម៉ឺននាក់ រស់នៅក្នុងភូមិប្រមាណ ៣៤០ ជុំវិញតំបន់ព្រៃឡង់នេះ៕

20160418014229

20160418014413

20160418014229 (2)

20160418014413 (1)

20160418014412

20160418014230

20160418014229 (1)

ដោយ៖ ស ដារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print