ភ្នំពេញ ៖ បុរសពីរនាក់រួមដំណេីរជាមួយគ្នាទាំងស្ថានភាពស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនជ្រុលទៅប៉ះម៉ូតូហុងដាឌ្រីមមួយគ្រឿងបណ្ដាលឱ្យនារីម្នាក់រងរបួស ឯរថយន្តរេចង្កូតទៅបុកេតុងចាក់ការពារបង្គោលភ្លើងក្រឡាប់ផ្ងារជើងម្ខាង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ទល់មុខវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើករថយន្តម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខ កណ្ដាល2A -7717 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីលិចទៅកើតដោយប្រើល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅប៉ះនារីម្នាក់ដែលកំពុងជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GE -8904 និងមានបុរសម្នាក់រួមដំណើរជាមួយបណ្តាលឱ្យរងរបួសជេីងតិចតួច តែរថយន្តបង្កមិនឈប់សុំទោស ឬទទួលកំហុសនោះទេ បែរជាបន្ថែមល្បឿនជ្រុលទៅបុកបេតុងចាក់ការពារបង្គោលភ្លើងបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង តែមិនធ្វេីឲ្យតៃកុង និងអ្នករួមដំណេីររងរបួសនោះឡេីយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកេីតហេតុ ដោយបានឱ្យភាគីខាងរថយន្តសម្របសម្រួលគ្នាជាមួយភាគីម្ចាស់ម៉ូតូរងគ្រោះ។ បន្ទាប់មកម្ចាស់រថយន្តបង្កព្រមសងថ្លៃព្យាបាលទៅខាងភាគីម៉ូតូ៦០ដុល្លារដេីម្បីបញ្ចប់រឿងមួយវគ្គ។ ក្រោយមកទៀតរថយន្តបង្កត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យជាបណ្ដោះអាសន្នរងផចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ