ភ្នំពេញ ៖ នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ម្សិលមុិញ ត្រូវនឹងថ្ងៃទីសៅរ៍ ០៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសាលកីឡា និងអបអរសាទរការប្រកួតកីឡាវាយសីពានរង្វាន់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើកទី១ ឆ្នាំ២០២២ នៅសាលកីឡា នៃសាលាជាតិគយ ដែលបានដំណើការប្រកួតចាប់ពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។
ជាកិច្ចចាប់ផ្តើម លោក ថោង សុខាំភូ នាយកសាលាជាតិគយ និងជាប្រធានអនុគណៈកម្មាធិការគ្រប់គ្រងសិល្បៈនិងកីឡា នៃ អគរ បានសម្ដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ដែលបានផ្តល់កិត្តិយស និងចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសាលកីឡា និងអបអរសាទរការប្រកួតវាយសីពានរង្វាន់នេះ ដែលញ៉ាំងឱ្យកម្មពិធីកាន់តែមានភាពអធិកអធមឡើងថែមទៀត។ ជាមួយគ្នានេះ លោកនាយកសាលាជាតិគយបានគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីប្រតិភូនិងអង្គពិធីពីវឌ្ឍនភាពសំខាន់ៗរបស់ក្លឹបវាយសីនាពេលកន្លងមក និងលទ្ធផលនៃការប្រកួតនាថ្ងៃនេះ។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តីប្រតិភូ បានលើកឡើងថា ការប្រារព្ធពិធីអបអរសាទរការប្រកួតវាយសីពានរង្វាន់នាថ្ងៃនេះឡើង គឺដើម្បីចូលរួមអបអរសាទរថ្ងៃជ័យជំនះ ០៧ មករា ២០២២ ខួបលើកទី៤៣ ថ្ងៃជ័យជំនះ៧មករា និងមានខ្លឹមសារ “អរគុណសន្តិភាព” ព្រមទាំងបញ្ជាក់អំពី កីឡា សុខភាព មិត្តភាព និងសាមគ្គីភាព ដើម្បីរឹតបន្តឹងចំណងសាមគ្គីភាពរវាងមន្ត្រីគយនិងរដ្ឋាករបន្ថែមទៀត ដែលស្របតាមយុទ្ធសាស្រ្តកំណែទម្រង់ និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣ លើគោលដៅយុទ្ធសាស្រ្តទី៥ ការគ្រប់គ្រងធនធានមនុស្សនិងការអភិវឌ្ឍស្ថាប័ន ដែលការអប់រំកាយសម្បទាគឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខភាព រក្សាចំណងមិត្តភាពជាមួយអ្នករួមអាជីពការងារ សាមគ្គីភាពផ្ទៃក្នុង និងសេចក្តីថ្លៃថ្នូរសម្រាប់ស្ថាប័នគយ។
លោករដ្ឋមន្រ្តីប្រតិភូក៏បានបន្ថែមទៀតថា ការប្រារព្ធពិធីសម្ពោធសាលកីឡា និងការប្រកួតកីឡាវាយសីលើកនេះ អាចចាត់ទុកជាការបើកប្រកួតផ្លូវការលើកទី១ ហើយក៏ជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលថ្មីៗជាច្រើនទៀតដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត ដូចជាអាគាររដ្ឋបាល សារមន្ទីគយ អគារសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលទើបនឹងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនាពេលកន្លងទៅ។ លោករដ្ឋមន្រ្តីប្រតិភូ បានរំលឹកផងដែរថា តាមទស្សនាវដ្តីសមាគមមិត្តគយនៃកម្ពុជាលេខ២ ឆ្នាំ១៩៦៤ ក៏បានរំលេចពីសកម្មភាពរបស់សមាគមមិត្តគយនៅសម័យសង្គមរាស្រ្តនិយម ធ្លាប់បានបង្កើតក្លឹបកីឡាបាល់ទាត់ កីឡាបាល់បោះ រួមទាំងកីឡាវាយសីសម្រាប់មន្រ្តីគយផងដែរ។ លើសពីនេះទៀត លោករដ្ឋមន្រ្តីប្រតិភូ ក៏បានលើកចិត្តមន្រ្តីគយនិងរដ្ឋាករនារីឱ្យចូលរួមវគ្គហ្វឹកហាត់លេងកីឡាវាយសី ដើម្បីត្រៀមចូលរួមការប្រកួតលើកក្រោយផងដែរ។
ជាទីបញ្ចប់លោករដ្ឋមន្រ្តីប្រតិភូ បានថ្លែងអំណរគុណ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំការប្រកួត រួមទាំងកីឡាករយើងក្នុងការរៀបចំការប្រកួតកីឡាវាយសី នេះឡើងបានយ៉ាងល្អប្រសើរ ហើយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ និងសូមចូលរួមអបអរសាទរ ចំពោះកីឡាករ ដែលបានទទួលជ័យលាភីក្នុងការប្រកួតនាថ្ងៃនេះ ៕
លោកបណ្ឌិត គុណ ញឹម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសាលកីឡា និងអបអរសាទរការប្រកួតកីឡាវាយសីពានរង្វាន់ លោកបណ្ឌិត គុណ ញឹម
...