ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម និងលោកវរសេនីយ៍ឯក ចាន់ គ្រឹស្នា ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយបានទទួលការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារប្រចាំខែមករា លើកទិសដៅ ខែកុម្ភៈ ឆ្នាំ២០២២ ក៏មានការចូលរួមពីលោកវរសេនីយ៍ឯក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ អធិការរង នាយផ្នែក នាយប៉ុស្តិ៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ស្នងការរងទាំងពីរ ក៏បានណែនាំដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អនុវត្តការងារឱ្យពង្រឹង និងមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់នូវចំណុចដូចខាងក្រោម៖
*១- យកចិត្តទុកដាក់បម្រើការងារសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសក្នុងការទទួលបណ្ដឹងត្រូវត្រៀមលក្ខណៈប្រចាំការ២៤ម៉ោង/២៤ម៉ោង
*២- យកចិត្តទុកដាក់ក្នុងការថែរក្សាសម្ភារៈ អាវុធ និងមធ្យោបាយឲ្យបានល្អប្រសើរ
*៣- យកចិត្តទុកដាក់រៀបចំវេនល្បាតឱ្យបានល្អខ្ជាប់ខ្ជួន
*៤- យកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិន័យកងកម្លាំង និងគ្រប់គ្រងកម្លាំងរបស់ប៉ុស្តិ៍ឲ្យបានល្អប្រសើរ
*៥- យកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ចរាចរណ៍
*៦- យកចិត្តទុកដាក់ក្នុងការរក្សាបានសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
*៧- អនុវត្តឲ្យបាននៅវិធានការ បីកុំ បីការពារ ដើម្បីជៀសឲ្យផុតពីជំងឺកូវីដ១៩
*៨- អនុវត្តឲ្យបាននូវបទបញ្ជាផ្សេងៗ ដែលដាក់ឡើងដោយឯកឧត្តមស្នងការឲ្យបានជោគជ័យ៕ដោយ៖សហការី