ភ្នំពេញ៖ ស្រី្ត២នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញសហការជាមួយអាវុធហត្ថក្រុងនិងអាវុធហត្ថខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ដោយម្នាក់ឃាត់ខ្លួននៅមូលដ្ឋានខណ្ឌដូនពេញ និងម្នាក់ទៀតឃាត់ខ្លួននៅមូលដ្ឋានខណ្ឌឬស្សីកែវ ក្នុងថ្ងៃតែមួយ ។
ករណីទី១ បានធ្វើឡើងកាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦ ចំនុចផ្លូវ១៧៨កែង៦៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ មុី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះមិនចាំលេខផ្លូវសាលាដែក សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ដកហូតវត្ថុតាងពីជនសង្ស័យរួមមានៈ ម្សៅក្រាមសថ្លាចំនួន០៦កញ្ចប់ និងទូរស័ព្ទម៉ាកណូគាអិនចុចពិល១គ្រឿងលេខ ០៨៦ ៧៧១០៤៩ ។
ហើយក្រោយពីឃាត់ខ្លួនឈ្មោះ សុខ មុី យកមកសាកសួររួចទើបដឹងថាថ្នាំញៀននេះខ្លួនយកពីឈ្មោះ ឃុន ស្រីពៅ ដើម្បីចែកចាយបន្ត លុះនៅវេលាម៉ោង៥ល្ងាចថ្ងៃដដែរសមត្ថកិច្ចបានចុះទៅសហការជាមួយអាវុធហត្ថខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ប៉ាន់ សុភាព នាយការិយាល័យគ្រឿងញៀនអហរាជធានី និងលោកអនុសេនីយ៏ឯក លី គឹមឡេង មេបញ្ជាការរងអាវុធហត្ថខណ្ឌដូនពេញ នៅចំនុចផ្ទះទឹក គ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឃុន ស្រីពៅ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងដកហូតវត្ថុតាងពីជនសង្ស័យមានៈ ម្សៅក្រាមសថ្លាចំនួន៣៣កញ្ចប់ , ថ្នាំគ្រាប់ពណ៏ខៀវ០២គ្រាប់ , ដបជក់០២ , ជញ្ជីងថ្លឹង០២ , ដែកកេះ០៦ , ថង់ច្រកមួយចំនួន , ប្រាក់រៀល៦០០០០រៀល , ប្រាក់ដុល្លា០៦ដុល្លារ , ទូរស័ព្ទ០៣គ្រឿងខូច។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវកម្លាំងអាវុធហត្ថខណ្ឌ ដូនពេញនាំខ្លួនទៅសាកសួរនិងកសាងសុំនុំរឿងបញ្ចូនបន្តទៅទីបញ្ជាការដ្ឋានកងរាជអាវុហត្ថក្រុងចាត់កាតាមនិតីវិធីច្បាប់៕
ដោយ៖ ស ដារ៉ា