ខេត្តបាត់ដំបង : នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមត្តេយ្យសិក្សា ០១ខ្នង ០៣បន្ទប់ នៅសាលាបឋមសិក្សាវត្តគរ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
លោក ជី សុខហ៊ាង នាយកសាលាបឋមសិក្សា វត្តគរ បានបញ្ជាក់ថា ដោយឃើញអគារមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងខ្វះខាតបន្ទប់សិក្សានៅឆ្នាំ២០១៩ ដូចនេះ លោក ឃឿង សុខ និងលោកស្រី មឿង សាមឿន ជាគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សា វត្តគរ មានគំនិតផ្ដួចផ្ដើម កសាងអគារមត្តេយ្យថ្មី១ខ្នង ស្មើ៣បន្ទប់ ធ្វើអំពីថ្ម ប្រក់ស័ង្គសី និងបង្គន់អនាម័យ១ខ្នង មាន៣បន្ទប់ ធ្វើអំពីថ្ម ដោយចំណាយថវិកាសរុប ៦៩,៩១៨ដុល្លាសហរដ្ឋអាមេរិច ក្នុងនោះសប្បុរសជនចូលរួមថវិកាចំនួន ៩,៣៩៩ដុល្លាសហរដ្ឋអាមេរិច ។
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះម្ចាស់អំណោយដែលមានលោក ឃឿន សុខុម និងលោកស្រី មឿន សាមឿត ដែលបានផ្ដួចផ្ដើមសាងសង់អគារមត្តេយ្យថ្មីនេះឡើង និងសប្បុរសជនទាំងអស់ ដែលបានចូលរួមសាងសង់អគារមត្តេយ្យថ្មី សម្រាប់សិស្សានុសិស្សតូចៗ អាចមកសិក្សានៅទីនេះ ប្រកបដោយមានសុវត្ថិភាព និងភាពកក់ក្ដៅ ។
លោក បានបន្តទៀតថា អគារមត្តេយ្យថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលចូលរួមសម្រួលបង្កលក្ខណៈដល់សិស្សានុសិស្សតូចៗបានមួយកម្រិតទៀត ។ លោកបានបន្តទៀតថា ថ្នាក់មត្តេយ្យសិក្សាគឺជាគ្រឹះមួយ ដើម្បីត្រៀមខ្លួនចូលបឋមសិក្សា មិនថាកម្រិតណាក៏ដោយ ក៏ទាមទារឲ្យមានគ្រឹះចាប់ពីក្រោមឡើងទៅ ទើបការសិក្សាប្រកបដោយគុណភាព ។ លោក បានជំរុញដល់សិស្សានុសិស្សទាំងអស់គ្រប់កម្រិត ត្រូវខិតខំរៀនសូត្រចាប់ពីថ្នាក់ក្រោម រហូតដល់ឧត្តមសិក្សា ដើម្បីបង្កើតបានជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខ ។
ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានអំពាវនាវដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ មាតាបិតា ឬអាណាព្យាបាលនៃសិស្ស ត្រូវបន្តអប់រំដល់កូន ចៅ ក្មួយ និងសិស្សានុសិស្សរបស់ខ្លួនឲ្យយល់ដឹងអំពីបញ្ហាគ្រឿងញៀន ឬបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយបញ្ហាពីរនេះ នៅតែបង្កជាហានិភ័យដល់សង្គម បញ្ហាគ្រឿងញៀនធ្វើឲ្យសង្គមមានភាពវឹកវរ អសន្ដិសុខសង្គម ធ្វើឲ្យបាត់បង់ធនធានមនុស្សជាច្រើន ជាពិសេសធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ខ្លួន ចំណែកឯគ្រោះថ្នាក់ចរាចរណ៍បានបង្កឲ្យមានអ្នកស្លាប់ច្រើនជាងអ្នកកើតជំងឺអេដស៍ ធ្វើឲ្យពិការដៃជើង ធ្វើឲ្យមានភាពរញ៉េរញ៉ៃដល់ចរាចរណ៍សាធារណៈផងដែរ ។
លោក ក៏បានក្រើនរំលឹកដល់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដូសជំរុញ ឬដូសទី៣ សូមរួសរាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលបានរៀបចំទុក ដើម្បីចូលរួមទប់ស្កាត់ ឬកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសកូវីដ-១៩បម្លែង អូមីក្រុង ដែលកំពុងបង្កហានិភ័យជាថ្មីដល់សកលលោក ៕