ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជូនជនសង្ស័យ៦នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៩ ខែមករា ធ្នាំ២០២២នេះដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។
សូមរំលឹកថា ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកងកម្លាំងចុះស្រាវជ្រាវតាមរកមុខសញ្ញា បន្ទាប់ពីមានជនសង្ស័យមួយក្រុមជិះម៉ូតូធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមផ្លូវសាធារណៈនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្របគ្រង។ នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់។
ជនសង្ស័យទី១-ឈ្មោះ ស៊ូ ដេវីត ភេទប្រុស អាយុ២០ឆ្នំា មុខរបរជាងភ្លើងស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី២-ឈ្មោះ ជួន សូម៉ាត្រា ហៅចេក ភេទប្រុស អាយុ២៥ឆ្នំា មុខរបរនៅផ្ទះ ស្នាក់នៅភូមិប៉ប្រក់ខាងត្បូងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី៣-ឈ្មោះ អៀង សាន់ថៃ ហៅឆៃ ភេទប្រុស អាយុ២៥ឆ្នំា មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ជនសង្ស័យទី៤-ឈ្មោះ សោម វិចិត្រ ហៅចិត្ត ភេទប្រុស អាយុ៤២ឆ្នំា មុខរបរសន្តិសុខ ស្នាក់នៅមិនពិតប្រាកដ។
ជនសង្ស័យទី៥-ឈ្មោះ សំ សុផាត ហៅ ផា ភេទប្រុស អាយុ៣៥ឆ្នំា មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅភូមិប៉ប្រកខាងត្បូងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី៦-ឈ្មោះ ជួន វីរៈ ហៅអូន ភេទប្រុស អាយុ៣៣ឆ្នំា មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ចំណែកវត្ថុតាងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាស្គូពីចំនួន០១គ្រឿង, កាបូបចំនួន០៤, អត្តសញ្ញាណប័ណ្ណចំនួន០៤សន្លឹក, កាតចាក់វ៉ាក់សាំងចំនួន០៧សន្លឹក, បណ្ណ .ប.ស.ស.ចំនួន០២សន្លឹកនិងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត។
ជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញដើម្បីបញ្ជូនបន្តទៅតុលាការ៕
ដោយ៖ រ៉ារ៉ា