ភ្នំពេញ៖ ធ្វើឲ្យទស្សនិកជនមិនតិចទេរិះគន់មិនប្រណីមាត់ក្រោយពីកម្មវិធីកម្សាន្តទូរទស្សន៍ Freshy Winner បានបង្កើតល្បែងកម្សាន្តទាយពាក្យ និងឲ្យតារាកិត្តិយសប្រើប្រាស់កាយវិការមិនសមរម្យ ឬអសីលធម៌នៅលើឆាក។ នេះគឺជាករណីថ្មីមួយទៀតហើយដែលធ្វើឲ្យអ្នកទស្សនាប្រតិកម្មមិនពេញចិត្តនៃការអនុញ្ញាតិឲ្យសិល្បករប្រើប្រាស់កាយវិការ និងពាក្យមិនសមទំនងនិងចាក់ផ្សាយឲ្យសាធារណជនទស្សនា។
Freshy Winner គឺជាកម្មវិធីដ៏ល្បីល្បាញរបស់ទូរទស្សន៍PNN ស្រាប់តែរងសំពងដោយិការរិះគន់ខ្លាំងៗពីទស្សនិកជនជាច្រើនក្រោយពីកម្មវិធីនេះបានតម្រូវឲ្យតារាកិត្តិយសធ្វើការទាយពាក្យមិនសមរម្យ រហូតតារាកិត្តិយសក៏បានប្រើប្រាស់កាយវិការអាសអាភាសខ្លាំងមិនអាចទទួលយកបាន។ គេមិនបានដឹងទេថាកម្មវិធីនេះត្រូវបានចាក់ផ្សាយចាប់តាំងពីពេលណាមកនោះទេ ប៉ុន្តែវីដេអូនៃកម្មវិធីនេះត្រូវបានគេកាត់ចេញត្រង់វគ្គដែលតម្រូវឲ្យតារាកិត្តិយសធ្វើការទសទាយពាក្យដើម្បីបានពិន្ទុនោះ។ពិធីករគឺត្រូវបានគេស្គាល់ថា លោក ប៉ែន ចំរ៉ុង ខណៈតារាកិត្តិយសមានដូចជាលោករ៉ូលីន កញ្ញាសុភ័ក្រកុសុម៉ា តារាចម្រៀង លោក អ៊ីណូ និងសិល្បករមួយចំនួនៀត។ ក្នុងនោះដែរពាក្យដែលត្រូវទសទាយគឺមានពាក្យ២ម៉ាត់ ឬ២ព្យាងផ្តើមដោយអក្សរ “រ”នោះ និងតម្រូវឲ្យដៃគូតារាកិត្តិយសម្នាក់ធ្វើកាយវិការទៅកាន់ដៃគូដើម្បីឲ្យទសទាយ អ្នកដែលទាយត្រូវនឹងទទួលបានពិន្ទុពីកម្មវិធី។ ក្នុងនោះពាក្យដែលត្រូវបានគេតម្រូវឲ្យតារាកិត្តិយសទាយគឺជាពាក្យ”រួមភេទ” រហូតតារាកិត្តិយសមានលោក រ៉ូលីន និងតារាចម្រៀង អ៊ីណូ បានព្យាយាមធ្វើកាយវិការមិនសមរម្យជាច្រើនដើម្បីឲ្យដៃគូទាយយកពិន្ទុ។ កាយវិកានោះបានរងសំពងដោយការរិះគន់មិនសំច្ចៃមាត់ពីទស្សនិកជនថាជាករណីដែលមិនគួរឲ្យកើតមានឡើងទាំងពាក្យពេចន៍កាយវិការ ព្រោះតែកម្មវិធីនេះចាក់ផ្សាយទាំងលើកញ្ចាក់ទូរទស្សន៍ និងលើបណ្តាញសង្គមដែលនាំឲ្យជះឥទ្ធិពលមិលល្អសម្រាប់សង្គមពិសេសកុមារ និងយុវជននោះ។
នៅមិនទាន់ឃើញមានការបញ្ចេញសារណាមួយពីកម្មវិធីខាងលើនៅឡើយទេ ប៉ុន្តែមានទស្សនិកជនជាច្រើនបានស្នើឲ្យបញ្ចប់ការបញ្ចេញការលេងល្បែងទាយពាក្យ និងសម្មភាពអសីលធម៌បែបនេះនៅលើឆាក៕